ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥
បណ្ដាញសង្គម TikTok ដែលជាបណ្ដុំឃ្លីបខ្លីៗ បានបង្ហាញនូវវីដេអូល្បីៗប្រចាំឆ្នាំលើបណ្ដាញរបស់ខ្លួន ដើម្បីអបអរសាទរការបញ្ចប់ឆ្នាំ ២០២០ និងស្វាគមន៍ឆ្នាំ ២០២១ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លី។
វីដេអូរយៈពេល១៥វិនាទី របស់តារា TikTok កូនកាត់ហ្វីលីពីន-អាមេរិក Bella Poarch (ប៊េលឡាផោជ) ដែលធ្វើត្រាប់បទ "M to the B” បានក្លាយជាវីដេអូដែលមានអ្នកទស្សនាច្រើនជាងគេ ពោលគឺរហូតដល់ ៤៣,២លានដង បើផ្អែកតាមរបាយការណ៍ប្រចាំឆ្នាំរបស់ TikTok។
វីដេអូជាប់ចំណាត់ថ្នាក់លេខ២គឺបង្ហោះឡើងដោយតារា TikTok ឈ្មោះ Apodaca (អាប៉ូដាខា) ជាវីដេអូបង្ហាញពីការជិះស្គីអមនឹងបទចម្រៀងមានចំណងជើងថា "Dreams” ដែលបានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាង ១១លាននាក់។
តាមរយៈវីដេអូមួយនេះដែរ Apodaca (អាប៉ូដាខា) អាចទទួលបានកេរ្តិ៍ឈ្មោះល្បី និងអាចសម្រេចចាប់ផ្ដើមបើកហាងលក់សំលៀកបំពាក់អនឡាញ ហើយទីបំផុតរូបគេអាចប្ដូរទីកន្លែងរស់នៅដោយផ្លាស់ទីចេញពីរថយន្តវ៉ែន ទៅក្នុងផ្ទះដ៏ធំមួយ។
វីដេអូចំណាត់ថ្នាក់លេខបីគឺជាវីដេអូរបស់ Caitlin Reilly (ខេតលីនរៀលលី) ដែលមានទស្សនាជាង ៦១ម៉ឺនដង។ វីដេអូមួយរបស់តារាហូលីវូដ Will Smith (វីលស្មីត) ក៏បានជាប់ចំណាត់ថ្នាក់លេខ៥ក្នុងបញ្ជីវីដេអូល្បីប្រចាំឆ្នាំ ២០២០ នេះដែរ។
ដោយឡែកចំណាត់ថ្នាក់កំពូលនៃសិល្បករដែលមានអ្នកតាមដានច្រើនជាងគេលើ TikTok ឆ្នាំនេះបានទៅលើ តារាចម្រៀងរ៉េប Jason Derulo (ចាសុន ដឺរូឡូ), តារាម៉ូដែល Kylie Jenner (ខាយលី ជេនើ), តារាចម្រៀង Lizzo (លីហ្សូ) និងតារាចម្រៀង Charlie Puth (ឆាលី ភុត) ៕
ប្រែសម្រួល៖ វ៉ាន់ថន