ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥
បន្ទាប់ពីចប់ការធ្វើចត្តាឡីស័កភ្លាម រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ស្រូតរូតរះ ចុះពិនិត្យមើលការស្តារដំណាំស្រូវឡើងវិញរបស់កិសករ ដែលរងគ្រោះដោយសារទឹកជំនន់ នៅក្នុងខេត្តចំនួន ៥ គឺខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តកំពង់ធំ ចាប់ពីព្រឹកថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកានេះ។ ប្រជាកសិករនៅក្នុងខេត្តទាំងនោះ ទទួលបានស្រូវពូជរបស់សម្តេចតេជោ ហ៊ុន សែន ជាបន្តបន្ទាប់ នាពេលថ្មីៗនេះ តាមរយៈតំណាងរបស់សម្តេច ដើម្បីបង្កបង្កើនផលឡើងវិញ។
ដោយចាប់ផ្តើមពីថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅខេត្ត កំពង់ឆ្នាំង ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានចុះពិនិត្យការស្តារដំណាំស្រូវឡើងវិញរបស់កសិករនៅឃុំគោកបន្ទាយ ស្រុករលៀប្អៀ និង នៅសង្កាត់ កំពង់ឆ្នាំង ដែលនៅទីនោះ ប្រជាកសិករកំពុងញាប់ដៃ ញាប់ជើងសាបព្រោះស្រូវ បន្ទាប់ពីទទួលបាន ពូជស្រូវចំនួន ១៧១ តោន របស់សម្តេចតេជោ ហ៊ុន សែន តាមរយៈ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១២ ខែវិច្ឆិកា នេះ ហើយពួកគាត់លើកឡើងថាពូជស្រូវដែលពួកគាត់ទទួលបាន មានការដុះបានល្អ ហើយសង្ឃឹមថានឹងទទួលបានផលល្អ ។
មន្ទីរកសិកម្មខេត្ត កំពង់ឆ្នាំង បានឲ្យដឹងថា ការស្តារដំណាំស្រូវនៅខេត្តនេះ សម្រេចបានជិត ៥ ពាន់ហិកតាហើយ នៃ ផ្ទៃដីស្រូវខូចខាតចំនួនជិត ១ ម៉ឺន ៨ពាន់ហិកតា ។
ចេញពីខេត្តកំពង់ឆ្នាំង ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានបន្តដំណើរទៅឃុំត្រពាំងជង និងឃុំខ្នារទទឹង ស្រុកបាកាន ខេត្ត ពោធិ៍សាត់ ។ ស្រុក ២ និង ក្រុង១ ដែល បានរងគ្រោះធ្ងន់ធ្ងរជាងគេគឺស្រុកបាកាន ស្រុកកណ្តៀង និង ក្រុងពោធិ៍សាត់ សរុបផ្ទៃដីដំណាំស្រូវខូចខាតជាង ២ ម៉ឺន ៥ ពាន់ ហិកតា ហើយឥឡូវនេះផ្ទៃដីដំណាំស្រូវខូចខាតត្រូវបានស្តារឡើងវិញសរុបជាង ១ ម៉ឺន និង ៦០០ ហិកតាវិញហើយ បន្ទាប់ពីទទួលបានស្រូវពូជ ជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ៦ ខែ វិច្ឆិកា ។
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យការស្តារឡើងវិញដំណាំស្រូវរបស់ប្រជា កសិករនៅឃុំ អូតាគី ស្រុកថ្មគោល ខេត្ត បាត់ដំបង ។ មន្ទីរបានឲ្យដឹងថា ផ្ទៃដីដំណាំស្រូវប៉ះពាល់សរុបជាង ១ សែ ២ ម៉ឺន និង ៧ ពាន់ ហិកតា ។ គិតមកដល់ពេលនេះ កសិករស្តារឡើវិញបានជិត ៦ ពាន់ ហិកតា ហើយ បន្ទាប់ពីបានទទួលស្រូវពូជជាង ១ ពាន់តោន របស់សម្តេចតេជោ ហ៊ុន សែន តាមរយៈសម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី ៨ ខែ វិច្ឆិកា ។
ប៉ុន្តែនៅ ស្រុក ឯកភ្នំ ប្រជាកសិករបានជួបបញ្ហាសំខាន់មួយគឺដំណុះគ្រាប់ពូជស្រូវរបស់ពួកគាត់មានកម្រិតទាប ហើយខ្លះទៀតមិនដុះ ធ្វើឲ្យកសិករបង្ខំចិត្តរាស់ចោលតែម្តង ។ កសិករនៅទីនោះបានលើកឡើងថា ពួកគាត់បានទិញពូជស្រូវពីប្រភពមិនច្បាស់លាស់ និង ពូជមួយចំនួនទៀតគាត់រក្សាទុកយូពេក ។
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានណែនាំថា ចំពោះប្រជាកសិករ មុនទិញពូជស្រូវ គួរពិនិត្យឲ្យបានច្បាស់លាស់ មានប្រភពពីក្រុមហ៊ុន ឬ ពីសហគមន៍កសិកម្មដែលផលិតពូជ ទទួលស្គាល់ដោយអគ្គនាយកដ្ឋានកសិកម្ម ខណៈមន្ទីរកសិកម្ម ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ចុះពិនិត្យ និង វាយតម្លៃលើគុណភាពគ្រាប់ពូជនៅតាមក្រុមហ៊ុន សហគមន៍កសិកម្ម ដើម្បី លើកកម្ពស់គុណភាព ពូជស្រូវ ដល់អ្នកប្រើប្រាស់។
នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញពិនិត្យការស្តារដំណាំស្រូវរបស់កសិករនៅស្រុក មង្គល បុរី ខេត្តបន្ទាយមានជ័យ បន្ទាប់ពីពួកគាត់ ជាង ១ ម៉ឺន ១ ពាន់គ្រួសារ ទទួលបានគ្រាប់ពូជស្រូវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និង ស្បៀង តាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១០ ខែវិច្ឆិកា ។
នៅរាល់ទីតាំងដែលជួបជាមួយកសិករ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានណែនាំកសិករដែលមានដីស្រែបានអនុវត្តរួចហើយ ត្រូវឧស្សាហ៍ចុះស្រែ មើលថែរទាំស្រូវ ថែទាំទឹកឱ្យបានត្រឹមត្រូវ កម្ចាត់ស្មៅ និង សត្វល្អិតចង្រៃ ។ ចំពោះតំបន់ដែលមិនទាន់បានអនុវត្ត គួរត្រៀមឧបករណ៍ ឲ្យបានគ្រប់គ្រាន់ ពេលទឹកស្រក នឹងចាប់ផ្តើមអនុវត្ត ។ ចំណែករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានកសិកម្ម និង មន្ទីរកសិកម្ម ទាំងអស់ ត្រូវចុះតាមដានសកម្មភាពស្តារដំណាំស្រូវតាមខេត្តគោលដៅរបស់ខ្លួន ធ្វើយ៉ាងណាឲ្យការស្តារដំណាំស្រូវទទួលបានជោគជ័យ សំដៅធានាសន្តិសុខស្បៀងក្នុងគ្រួសារ នាពេលអនាគត ៕
អត្ថបទ៖ ខឿន សាឃាង រូបភាព៖ មន្ត្រីកសិកម្ម