ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើការពិភាក្សាចេញសេចក្តីប្រកាសជារួមហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់ ពិឃាតសត្វសុនខ (ឆ្កែ) នៅទូទាំងប្រទេស។ ការគ្រោងចេញប្រកាសហាមឃាត់នេះ ស្របពេលដែលខេត្តសៀមរាបបានធ្វើជាគំរូហាមឃាត់ការជួញដូរ និងពិឃាតសត្វឆ្កែដំបូងគេ នៅក្នុងខេត្តរបស់ខ្លួន។ នេះបើតាមឯកឧត្តម ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម ដែលបានប្រាប់ភីអិនអិន នៅថ្ងៃទី៨ ខែកក្កដានេះ។
ឯកឧត្តមបានបញ្ជាក់ថា ខេត្តសៀមរាប ជាខេត្តទេសចរណ៍គោលដៅដ៏សំខាន់មួយរបស់កម្ពុជា ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនមកទស្សនា ហើយការធ្វើអាជីវកម្មសត្វ ជាពិសេសសត្វឆ្កែយ៉ាងអាណាធិបតេយ្យបែបនេះ គឺប៉ះពាល់ទេសចរណ៍ និងមុខមាត់របស់ខេត្តទាំងមូល។ ឯកឧត្តមបានបន្តថា ក្រសួងកសិកម្មនឹងធ្វើការអនុវត្តច្បាប់ រួមទាំងវិធានការនានាលើមុខជំនួញជួញដូរ ទិញ-លក់ និងពិឃាតសត្វប្រភេទនេះឲ្យកាន់តឹងរ៉ឹងបន្ថែមទៀត។
គួរបញ្ជាក់ថា មន្ទីរកសិកម្មខេត្តសៀមរាប កាលពីថ្ងៃទី៦ ខែកក្កដា បានចេញសេចក្តីជូនដំណឹងស្តីពីការហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់ និងពិឃាតសត្វសុនខគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាត។ មន្ទីរកសិកម្មខេត្ត សង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើអាជីវកម្មទិញលក់ពិឃាតសត្វសុនខ ដើម្បីធ្វើជាម្ហូបអាហារមានភាពអាណាធិបតេយ្យ និងកើនឡើងគួរឲ្យព្រួយបារម្ភ។ នេះជាសញ្ញាមួយបង្ហាញថា មានការធ្លាក់ចុះនៅតម្លៃមនុស្សធម៌ គុណធម៌ ព្រមទាំងធ្វើឲ្យមានការឆ្លងរាលដាលជំងឺឆ្កែឆ្កួត និងជំងឺផ្សេងៗជាច្រើនទៀត ពីតំបន់មួយទៅតំបន់មួយ ដែលអាចប៉ះពាល់ដល់សុខភាពសាធារណៈ។
មន្ទីរកសិកម្មខេត្តសៀមរាប បានបន្ថែមថា ការដើរទាក់លក់-ទិញ និងពិឃាតសត្វអាណាធិបតេយ្យ គ្មានច្បាប់ទម្លាប់ ផ្ទុយនឹងខ្លឹមសារនៃច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរ តាមមាត្រា ១១២, ១១៣,១១៥ នៃច្បាប់នេះ៕
អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ឯកសារ