ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥

អ្នកជំនាញ ប្រាប់ឱ្យកសិករប្រុងប្រយ័ត្នចំពោះជំងឺជ្រូក ជាពិសេសជំងឺ ប៉េស្តជ្រូកអាហ្វ្រិក

២៨ កក្កដា ២០២០ | ព័ត៌មានជាតិ

ខណៈជ្រូកកំពុងមានទីផ្សារល្អ ហើយទៅអនាគតក៏នឹងនៅតែល្អទៀត ហើយខណៈវិស័យចិញ្ចឹមជ្រូកនៅ កម្ពុជា ក៏កំពុងមានសម្ទុះខ្លាំងក្លា គួរជាទីសង្ឃឹម អ្នកជំនាញទាំងឡាយ បានក្រើនរំឭកដល់ប្រជាកសិករម្តងហើយម្តងទៀត ឱ្យប្រុងប្រយ័ត្នជានិច្ចចំពោះជំងឺផ្សេងៗ ជាពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក ព្រោះថា ប្រសិនបើមានការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក ម្តងទៀតនោះ គេពិបាកនឹងការទប់ស្កាត់ណាស់ ហើយវាអាចឈានទៅរកភាពហិនហោចជ្រូក ដូចជានៅប្រទេស វៀតណាម ទៀតផង ។

 


កាតព្វកិច្ចចម្បងទី ១ គឺត្រូវបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងចិញ្ចឹមជ្រូករបស់ខ្លួនឱ្យបានត្រឹមត្រូវតាមបច្ចេកទេស , ទី ២ មិនត្រូវអនុញ្ញាតឱ្យអ្នកដទៃចេញចូលកន្លែងចិញ្ចឹមជ្រូករបស់ខ្លួនឡើយ ហើយប្រសិនបើចាំបាច់ខានមិនបាន ត្រូវអនុវត្តតាមក្បួនសុវត្ថិភាព មុននឹងឱ្យអនុញ្ញាតឱ្យគេចូល , ទី ៣ មិនត្រូវចេញចូលកន្លែងចិញ្ចឹមជ្រូករបស់អ្នកដទៃឡើយ ព្រោះអាចនាំយកមេរោគពីកន្លែងទាំងនោះ មកបង្កើតនៅកន្លែងចិញ្ចឹមជ្រូករបស់ខ្លួន ហើយទី ៤ ប្រសិនបើសង្ស័យថា ជ្រូកមានជំងឺអ្វីក៏ដោយ ត្រូវតែប្រញាប់រាយការណ៍ទៅមន្ត្រីជំនាញ ឬ រាយការណ៍មកសមាគមអ្នកចិញ្ចឹមសត្វ កម្ពុជា ក៏បាន ដើម្បី អន្តរាគមន៍ឱ្យបានទាន់ពេលវេលា ។ នេះគឺជាការលើកឡើងរបស់លោក ស្រ៊ុន ពៅ  ប្រធាន សមាគមអ្នកចិញ្ចឹមសត្វ កម្ពុជា ។

 


ចំណែកឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ នៅក្នុងជំនួបជាមួយកសិករចិញ្ចឹមសត្វនៅក្នុងខេត្ត កំពង់ស្ពឺ កាលពីចុងសប្តាហ៍មុននេះ បានផ្តាំផ្ញើដល់កសិករបន្ថែមលើអនុសាសន៍របស់លោក ស្រ៊ុន ពៅ ខាងលើនេះថា ការធ្វើអនាម័យជាប្រចាំ និង ការចងមុង ឬ ចងសំណាញ់ជុំវិញកន្លែងចិញ្ចឹមជ្រូក គឺជាកិច្ចការដំសំខាន់ផ្សេងទៀត សម្រាប់រក្សាសុវត្ថិភាពជ្រូក ព្រោះសត្វផ្សេងៗដូចជាមូស រុយ សត្វកណ្តុរ និង សត្វបក្សីជាដើម ក៏គឺជាប្រភពដ៏សំខាន់ផ្សេងទៀត នៃ ការចម្លងរោគ ឬ ជាមូលហេតុនាំជ្រូកឈឺ ដែលនាំឱ្យខូចបង់ដល់ជ្រូករបស់ពួកគាត់ ហើយវាអាចនឹងឈានទៅបង្ហិនបង្ហោចវិស័យចិញ្ចឹមជ្រូកនៅ កម្ពុជា ទាំងមូលទៀតផង ។

 


លើសពីនេះទៅ ឯកឧត្តម តាន់ ផាន់ណារ៉ា ក៏តែងតែពន្យល់ជាហូរហែ ឱ្យប្រុងប្រយ័ត្នចំពោះអាហារធ្វើពីសាច់ជ្រូក ដោយរួមទាំងសាច់ក្រក ហតដក  អាហារសំណល់ពីផ្ទះបាយ និង ភោជនិយដ្ឋាននានាជាដើម មិនត្រូវនាំយកឱ្យមានក្នុងបរិវេណកន្លែងចិញ្ចឹមជ្រូកឡើយ ខណៈផ្អកសាច់ជ្រូក ដែលធ្លាប់បានធ្វើកាលពីពេលមានជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅ កម្ពុជា កាលពីឆ្នាំទៅម៉ិញ ក៏ជារបស់ដែលត្រូវតែបញ្ជៀសកុំឱ្យមាននៅក្នុងកន្លែងចិញ្ចឹមជ្រូកដែរ ។

 


សូមជម្រាបថា តាំងពីមានជំងឺកូវីដ ១៩ មក វិស័យចិញ្ចឹមជ្រូកនៅ កម្ពុជា មានសម្ទុះខ្លាំងគួរឱ្យកត់សម្គាល់ ដោយ គិតត្រឹម ឆមាស ទី ១ នៃ ឆ្នាំ ២០២០ នេះ កសិករ កម្ពុជា ចិញ្ចឹមជ្រូកពូជបានជាង ៥ ០០០ ក្បាល បន្ថែមដោយជ្រូកកូន សម្រាប់យកសាច់ជាង ៧ ម៉ឺនក្បាល គឺជាចំនួនច្រើនជាងបន្តិចបន្តួច ទៅនឹងចំនួន នៃ ការចិញ្ចឹមរយៈពេលពេញ ១ ឆ្នាំ កាលពីឆ្នាំ ២០១៩ កន្លងទៅ៕

អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឆិល សុភ័ស្ត

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025