ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥

 Rapper Fighter រដូវកាលទី២ បើកទទួលពាក្យប្រកួតផ្លូវការហើយ!

២៥ មិថុនា ២០២៥ | កម្សាន្ដ

 

 

 

កម្មវិធីប្រឡងចម្រៀងរ៉េបដ៏ល្បីរបស់ PNN Rapper Fighter  ផ្ដើមបើកទទួលប្រកួតជាពាក្យជាផ្លូវការហើយ ដោយរដូវកាលទី២នេះ កាន់តែពិសេសប្លែក និងទាក់ទាញជាងរដូវកាលទី១ទៅទៀត។

 

 

 

កម្មវិធីប្រឡងចម្រៀងរ៉េបដ៏ល្បីរបស់ស្ថានីយទូរទស្សន៍ PNN Rapper Fighter ដែលទទួលបានការគាំទ្រជាខ្លាំងពីមហាជនក្នុងរដូវកាលទី១ ពេលនេះ រដូវកាលទី២ បានចាប់ផ្ដើមហើយ ដោយបើកទទួលពាក្យប្រកួតប្រជែងពីបេក្ខភាពនានាជាផ្លូវការចាប់ពីថ្ងៃនេះតទៅ។

 


រដូវកាលទី២នេះ កាន់តែថ្មីប្លែកថែមទៀតសម្រាប់ទស្សនិកជន ជាពិសេសបេក្ខភាពដែលដាក់ពាក្យចូលរួមប្រកួតប្រជែងតែម្ដង។ ក្នុងនោះមិនត្រឹមមានអ្្វីដែលថ្មីប្លែកប៉ុណ្ណោះទេ កម្មវិធីទាំងមូលនឹងមានប្រាក់រង្វាន់ដ៏ធំថែមទៀត ដែលជាការសហការឧបត្ថម្ភពី GANGZBERG SNOW ។

 

 

នៅចាំអីទៀត ទស្សនិកជន និងមិត្តៗយុវវ័យដែលស្រលាញ់ គាំទ្រការប្រឡងមច្រៀងរ៉េបដ៏ធំប្រចាំឆ្នាំរបស់ PNN អាចដាក់ពាក្យចូលប្រជែងបាន។ សម្រាប់លក្ខខណ្ឌ ក្នុងការចូលរួមប្រកួតប្រជែងមិត្តៗយុវវ័យអាចចូលទៅកាន់ផេកផ្លូវការ Rapper Fighter ដើម្បីដឹងពីព័ត៌មានសម្អិត។

 


 Rapper Fighter ជាកម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំបង្កើតឡើងដោយស្នាដៃកូនខ្មែរសុទ្ធសាធ។ ក្រោមការសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារ និងផលិតករនៃស្ថានីយ៍ទូរទស្សន៍ទំនើបភីអិនអិន រដូវកាលទី១នៃការប្រឡងចម្រៀងរ៉េប Rapper Fighter បានបញ្ចប់ទៅភាពជោគជ័យគួរជាទីមោទនៈ ដោយយើងជ្រើសរើសបានជយលាភី Top 5 យ៉ាងល្អស័ក្កសមជាពន្លឺដ៏ត្រចះត្រចង់នៃសិល្បៈរ៉េបជំនាន់ថ្មី។ 

 

 

ដ្បិតជាការរៀបចំលើកទី១ តែកម្មវិធី Rapper Fighter ផ្ទុះការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីប្រជាជនកម្ពុជាទូទាំងប្រទេស ដោយវីដេអូចម្រៀងរ៉េបចាស់ៗរបស់បេក្ខភាពឆ្នើមៗនៃកម្មវិធី Rapper Fighter រដូវកាលទី១ មានអ្នកចុចចូលទស្សនាជិត 300M views ហើយវីដេអូភាគច្រើនដែលចែកចាយលើបណ្តាញសង្គមសុទ្ធតែមានអ្នកចុចចូលទស្សនាខ្ទង់លានដង ដែលនេះបង្ហាញពីសក្កានុពលដ៏ខ្លាំងក្លារបស់សិល្បៈរ៉េប និងជយលាភី Top 5 របស់ Rapper Fighter រដូវកាលទី១។

 

 

សម្រាប់រដូវកាលទី២នេះ កម្មវិធីនឹងរៀបចំកាន់តែប្លែកទាក់ទាញថែមទៀត ជាមួយបេក្ខភាពដែលគេជឿជាក់ថាកាន់តែមានការប្រកួតប្រជែងដ៏ស្វិតស្វាញ។ Rapper Fighter រដូវកាលទី២ នឹងបើកធ្វើសន្និសីទសារព័ត៌មាន ដោយមានបេក្ខភាពឆ្នើមៗទាំង៥រូបកាលពីរដូវកាលទី១ និងសិល្បករ សិល្បការិនីជាច្រើនរូបផ្សេងទៀតនៅថ្ងៃទី ២ ខែ កក្កដា ឆ្នាំ២០២៥ សប្ដាហ៍ក្រោយ នៅស្ទូឌីអូ PNN ព្រែកព្នៅ៕

 

 

អត្ថបទ៖ PNN រូបភាព៖ ឃាង ទូច និង ហ្វេសប៊ុក

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025