ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
តម្រូវការនាំចូលទំនិញមកពីក្រៅប្រទេសមកកាន់ទីផ្សារប្រទេសកម្ពុជាបានបង្ហាញពីការធ្លាក់ចុះ ក្នុងរយៈពេល៨ខែដំបូងដើមឆ្នាំ២០២០ ខណៈការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស បានកើនឡើងជិត២០ភាគរយក្នុងនោះដែរអ្វីដែលគួរឲ្យកត់សម្គាល់ជាពិសេសនោះគឺ កម្ពុជាយើងបាននាំចេញមាសទោះបីជា បណ្តាប្រទេសដៃគូពាណិជ្ជកម្ម សេដ្ឋកិច្ចពិភពលោកមានកំណើនអវិជ្ជមានដោយសារតែបញ្ហានៃការរីករាលនៃជំងឺកូវីដ១៩ក៏ដោយចុះ។
របាយការណ៍និន្នាការសេដ្ឋកិច្ច និង សង្គម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានចេញផ្សាយនៅដើមសប្តាហ៍នេះបង្ហាញ ទំហំទឹកប្រាក់នៃការនាំចេញទំនិញរបស់កម្ពុជាក្នុងរយៈពេល៨ខែ ឆ្នាំ២០២០នេះ នៅតែរក្សាបានកំណើនវិជ្ជមាន ដែលមានទឹកប្រាក់ប្រមាណ១១ ពាន់៧១៤លានដុល្លារអាមេរិក កើនឡើងចំនួន១៨ភាគរយ ប៉ុន្តែផ្ទុយទៅវិញក្នុងពេលជាមួយគ្នានេះទំហំទឹកប្រាក់នៃការនាំចូលមកកម្ពុជាវិញមានប្រមាណ ១១ពាន់ ៨៥៣លានដុល្លារ បានធ្លាក់ចុះជាង ១១ភាគរយ។
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់ថា ការនាំចេញរបស់កម្ពុជាមានការកើនឡើងនាពេលនេះជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចកម្ពុជាពិសេសគឺការធ្វើពាណិជ្ជកម្មជាមួយអន្តរជាតិតែម្តង។
ដោយឡែកចំពោះការនាំចូលវិញក៏ឃើញមានសញ្ញាល្អដែរនេះ បើតាមការអង្កេតផ្ទាល់នៅតាមមាត់ច្រកព្រំដែន និង នៅតាមកំពង់ផែគឺនៅតែមានសកម្មភាពជាធម្មតាដោយគ្មានការរាំងស្ទះនោះឡើយ។
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ពុជាដដែលរូបនេះបាន បញ្ជាក់ថា ការធ្វើពាណិជ្ជកម្មកម្ពុជាជាមួយអន្តរជាតិនៅក្នុងអំឡុងពេលនៃជំងឺកូវីដ ១៩ នេះពុំមានសញ្ញានៃការបន្ទុចបង្អាក់ឡើយ ដែលជាក់ស្តែងការនាំចេញត្រូវបានកើនឡើង និងបើនិយាយពីទិដ្ឋភាពជាក់ស្តែងការធ្វើពាណិជ្ជកម្មក្នុងស្រុកក៏នៅតែដំណើរការជាធម្មតា ដោយតម្លៃទំនិញនៅតាមទីផ្សារ និងតម្លៃប្រេងសាំងជាដើមនោះគឺនៅរក្សាបានស្ថិរភាពល្អ។
របាយការណ៍និន្នាការសេដ្ឋកិច្ច និងសង្គមបញ្ជាក់ថា ទំនិញដែលមានកំណើននាំចេញខ្ពស់ មានដូចជា អង្ករ បានកើតឡើង ២៣ភាគរយ កង់កើនឡើង ១៧ភាគរយ គ្រឿងអគ្គិសនី កើន ២២ភាគរយ ផលិតផលកសិកម្មផ្សេងទៀតក៏កើនឡើងដែរ និងមាសកើនឡើងយ៉ាងគំហុករហូតដល់ជាង ៧០០ភាគរយ។ បើគិតត្រឹមខែសីហា ឆ្នាំ២០២០នេះ ការនាំចេញមាស មានទឹកប្រាក់សរុបចំនួន ២ពាន់ ២២០ លានដុល្លារ៕
អត្ថបទ ស៊ឺន សុន និងរូបភាពឯកសារ