ថ្ងៃច័ន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥
រាជរដ្ឋាភិបាលថៃ បានគូសបញ្ជាក់ថា ការនាំចេញទំនិញរបស់ប្រទេសថៃ នៅក្នុងឆ្នាំ ២០២០ ដែលមានការធ្លាក់ចុះ ៦% គឺធ្វើបានល្អជាងការព្យាករណ៍ទុកទៅទៀត ជាពិសេសគឺ ការនាំចេញនៅក្នុងខែធ្នូ ឆ្នាំ ២០២០ មានការកើនឡើងជាវិជ្ជមាន បន្ទាប់ពីធ្លាក់ចុះ ៧ខែជាប់ៗគ្នា។
នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។
ក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន ឲ្យបានដឹងថា សម្រាប់ឆ្នាំ ២០២០កន្លងទៅ ការនាំចេញទំនិញរបស់ថៃ ធ្លាក់ចុះ ៦% សម្រេចបាន ២៣១ពាន់លានដុល្លារអាមេរិក ខណៈការនាំចូលមកវិញ គឺធ្លាក់ចុះដល់ទៅ ១២% មកនៅត្រឹម ២០៧ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យ ថៃ មានអតិរេកពាណិជ្ជកម្ម ២៤ពាន់លានដុល្លារអាមេរិក។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ បានលើកឡើងថា ការនាំចេញទំនិញរបស់ថៃ ធ្វើបានល្អ បើទោះបីជាមានវិបត្តិមេរោគកូវីដ១៩ក៏ដោយ ដែលកាលពីមុន ក្រសួង ព្យាករណ៍ថា ការនាំចេញនឹងធ្លាក់ចុះចន្លោះ ៧% ទៅ ១០% ឯណោះ។
កាលពីខែធ្នូ ឆ្នាំ ២០២០ ការនាំចេញរបស់ថៃ សម្រេចបាន ២០ពាន់លានដុល្លារអាមេរិក មានកំណើន ៤% ហើយផលិតផលដែលជម្រុញកំណើននេះ រួមមាន ផលិតផលចំណីអាហារ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ឧបករណ៍ការពារជម្ងឺកូវីដ១៩ ដូចជាស្រោមដៃកៅស៊ូ និងឧបករណ៍ពេទ្យជាដើម។
អំឡុងពេលខែធ្នូ នោះដែរ វិស័យកសិកម្ម និងកសិឧស្សាហកម្មរបស់ថៃ ក៏មានកំណើននាំចេញ ២% ពោលគឺសម្រេចបាន ៣ពាន់លានដុល្លារអាមេរិក ហើយមុខទំនិញដែលលេចធ្លោ រួមមាន ដំឡូងមី កៅស៊ូ ចំណីសត្វ និងបន្លែផ្លែឈើស្រស់ និងកក។
យ៉ាងណាក៏ដោយ គិតជារួមសម្រាប់ឆ្នាំ ២០២០ ការនាំចេញរបស់វិស័យកសិកម្ម និងកសិឧស្សាហកម្ម ធ្លាក់ចុះ ៣% មកនៅត្រឹម ៣៩ពាន់លានដុល្លារអាមេរិក និងវិស័យឧស្សាហកម្ម ធ្លាក់ចុះ ៥% មកនៅត្រឹម ១៨៦ពាន់លានដុល្លារអាមេរិក។
សូមជម្រាបដែរថា ក្រសួងពាណិជ្ជកម្មថៃ បានធ្វើការព្យាករណ៍អំពី ការនាំចេញរបស់ថៃ ក្នុងឆ្នាំ ២០២១នេះ ថាអាចនឹងសម្រេចបាន ២៤០ពាន់លានដុល្លារអាមេរិក ដែលមានកំណើន ៤%៕
អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ