ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥
ភាពយន្តភាគថ្មីរបស់ភីអិនអិន ចំណងជើង «ព្រហ្មលិខិតលំអៀង» កំពុងសម្រេចបំណងកញ្ញា ស៊ីន យូប៊ីន ដែលចង់សម្តែងតួឆ្នាស់ឆ្នើម។ កាន់តែពិសេសរឿងនេះតារាស្រីរូបនេះនឹងសម្តែងតួអង្គតួកូនភ្លោះជាលើកដំបូងតាំងពីប្រឡូកវិស័យសិល្បៈ។
តារាសម្តែងជួរមុខក្នុងវិស័យភាពយន្តកម្ពុជា កញ្ញា ស៊ីន យូប៊ីន នឹងសម្តែងតួអង្គតួកូនភ្លោះជាលើកដំបូង ក្រោយប្រឡូកសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ។
ស្រីស្រស់សោភារូបនេះ នឹងបញ្ចេញសមត្ថភាពសម្តែងតួអង្គកូនភ្លោះក្នុងភាពយន្តភាគថ្មីរបស់ភីអិនអិន ចំណងជើង «ព្រហ្មលិខិតលំអៀង» ដែលជាស្នាដៃថ្មីរបស់ PR Production ត្រៀមចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិនឆាប់ៗខាមុខនេះ។
ក្នុងភាពយន្តដែលស្ថានីយ៍ទូរទស្សន៍ទំនើបភីអិនអិនកំពុងបោះទុនផលិតរាប់សែនដុល្លារក្នុងការផលិតនេះ កញ្ញា ស៊ីន យូប៊ីន ត្រូវសម្តែងជាតួមួយមានចរិកស្លូតបូត ឯមួយទៀត ជាមនុស្សស្រីមានអត្តចរិកឆ្នាស់ឆ្នើម ដែលតួអង្គនេះជាអ្វីដែល យូប៊ីន ប៉ងយូរណាស់មកហើយ។
ចំណែក អ្នកនាង ព្រុំ រដ្ឋា ផលិតករ និងម្ចាស់ផលិតកម្ម PR Production ក៏បានបញ្ជាក់ពីលក្ខណៈពិសេសដែលធ្វើឲ្យអ្នកនាងជ្រើសរើសកញ្ញា ស៊ីន យូប៊ីន យ៉ាងដូច្នេះថា៖
«ព្រហ្មលិខិតលំអៀង» មានការយកចិត្តទុកដាក់កាន់តែខ្ពស់ទៅលើគុណភាពនៃការដឹកនាំ ការសម្តែង និងការដាក់មនោសញ្ចេតនារបស់តួអង្គនីមួយ។ ជាពិសេស ជាប្រភេទសាច់រឿងបែបឆ្លុះបញ្ចាំងពីការតស៊ូ ក្នុងជីវិត និងព្រេងវាសនារបស់មនុស្សម្នាក់ៗដែលមានជីវិតខុសគ្នាដូចមេឃ និងដី។
«ព្រហ្មលិខិតលំអៀង» នេះដែរ គឺចង់ចែករំលែកនូវរសជាតិជីវិតទៅតាមកម្មផល និងបុណ្យវាសនាដែលរូមនុស្សម្នាក់ៗកើតមកទទួលបាន។ តួយ៉ាង ដូចជាតួអង្គស្រី ដែលជាកូនភ្លោះ ថ្វីត្បិតកើតមកក្នុងតំណក់ឈាមរួមគ្នា ប៉ុន្តែបែរជាមានវាសនាខុសគ្នាទៅវិញ។
ភាពយន្តភាគថ្មីនេះមានការរួមសម្តែងដោយតារាល្បីៗជាច្រើនរូបដូចជា កញ្ញា ស៊ីន យូប៊ីន សម្តែងជាតួអង្គកូនភ្លោះ លោក ក្រិច ណាខុន តួឯកប្រុស អ្នកនាង លី ម៉ារីណា លោក យ៉ែម សំអូន លោក សុខ សាន់នី កញ្ញា លឹម មួយហ្គេច កុមារី ម៉ានីកា និងតារាសម្តែងជាច្រើននាក់ទៀតផងដែរ។
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច