ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥
ក្មួយប្រុសតារាសម្តែងស្រីល្បីល្បាញ អ៊ុំ សុវណ្ណនី គឺលោក អ៊ុំ សុវណ្ណគិរី កាន់តែអាក្រក់ខ្លាំងជាងមុនទៅទៀតក្នុងរឿង «អ្នកម៉ាក់វ័យក្មេង» វគ្គ២ ដែលកំពុងដំណើរការថតយ៉ាងសស្រាក់សស្រាំ។
លោក អ៊ុំ សុវណ្ណគិរី តួអង្គអាក្រក់ក្នុងភាពយន្តភាគ «អ្នកម៉ាក់វ័យក្មេង» វគ្គ១ នៅតែបន្តបង្ហាញវត្តមានក្នុងវគ្គ២ទៀត ក្រោយភាពយន្តភាគនេះផ្ទុះការគាំទ្រខ្លាំងពីទស្សនិកជន។
តាមការឲ្យដឹងពីសាម៉ីខ្លួន ក្នុងរឿង «អ្នកម៉ាក់វ័យក្មេង» វគ្គ២ លោកនៅតែសម្តែងជាតួអង្គមនុស្សអាក្រក់ដដែល ហើយកាន់តែអាក្រក់ជាងវគ្គ១ទៅទៀត គ្រាន់តែវគ្គ១មានលាយឡំឈុតឆាកកម្សត់ខ្លះខុសពីវគ្គ២ដែលលោកនឹងក្លាយជាមនុស្សអាក្រក់សុទ្ធសាធ។
យ៉ាងណាមិញលោកបានបង្ហើបថា ក្នុងវគ្គ២នេះ ក៏មានចំណុចខុសពីវគ្គ១ច្រើនដែរសម្រាប់តួអង្គរបស់ខ្លួន តែប្រែប្រួលបែបណានោះលោកសុំមិនបញ្ជាក់ គឺទុកពញ្ញាក់អារម្មណ៍អ្នកទស្សនា ឲ្យទស្សនានឹងភ្នែកហួសចិត្តតែម្ដង។
កម្លោះសង្ហា សុវណ្ណគិរី កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗនាប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីលោកទទួលឱកាសថតភាពយន្តជាហូរហែរពីផលិតករក្នុងស្រុក។
គួររំលឹកថា ក្មូយប្រុសអតីតតារាសម្តែងល្បីឈ្មោះ អ៊ុំ សុវណ្ណនី រូបនេះត្រូវបានគេចាប់ផ្តើមស្គាល់ តាមរយៈស្នាដៃថតភាពយន្តមួយចំនួន ដូចជារឿង «ក្រមុំបេះដូងដែក ប៉ះអង្គរក្សចិត្តខ្លាំង» រឿង «កូនប្រសាឡឺកឺ» រឿង «គ្រាប់បាល់អង្រួនបេះដូង» ហើយចុងក្រោយនេះលោកក្រសោបបានប្រជាប្រិយភាពកាន់តែខ្លាំងបន្ទាប់ពីសម្តែងក្នុងរឿង «អ្នកម៉ាក់វ័យក្មេង» កាលពីវគ្គ១។
ក្រៅពីថតភាពយន្ត លោកក៏ត្រូវបានគេចាប់អារម្មណ៍ខ្លាំង តាមរយៈការសម្តែង ឈុតផ្សព្វផ្សាយពាណិជ្ជកម្ម និងក្នុងMV បទចម្រៀងជាច្រើនទៀតថែមទៀតផង។
អត្ថបទ៖ រ៉ាត់ ចាន់ធីតា