ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០២៤

PNN បោះទុនរាប់សែនដុល្លារផលិតភាពយន្តភាគខ្នាតធំចំនួនពីរក្នុងឆ្នាំ២០២១

១៥ តុលា ២០២០ | កម្សាន្ដ

នៅក្នុងឆ្នាំ២០២១ខាងមុខនេះ ស្ថានីយ៍ទូរទស្សន៍ទំនើបPNN នឹងបោះទុនទឹកប្រាក់រាប់សែនដុល្លារ ផលិតភាពយន្តភាគខ្នាតធំចំនួន២ ដែលជាភាពយន្តល្បីល្បាញខ្លាំងកំឡុងទសវត្សឆ្នាំ២០០០។ 

 


ពិតជាមិនធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រភាពយន្តភាគខ្មែររបស់PNN ខកបំណង ក្នុងឆ្នាំ២០២១ ខាងមុខនេះ ស្ថានីយ៍ទូរទស្សន៍ទំនើបPNN នឹងបោះទុនទឹកប្រាក់រាប់សែនដុល្លារដើម្បីផលិតភាពយន្តភាគខ្នាតធំចំនួនពីរ ដែលភាពយន្តភាគទាំងពីរនោះជាភាពយន្តដែលល្បីល្បាញខ្លាំងតាំងពីកំឡុងទសវត្សឆ្នាំ២០០០។ ភាពយន្តភាគទាំងពីរនោះគឺ «ស្នាមស្នេហ៍សមុទ្ររាម» និងរឿង «មរណៈមាតា»។

 

 

ភាពយន្តភាគខ្នាតធំទាំងពីរនេះ និងត្រូវផលិតឡើងតាមលក្ខណៈស្តង់ដារ ប្រកបដោយគុណភាពខ្ពស់ជាថ្មីម្តងទៀត ដើម្បីជាចំណងដៃសម្រាប់ឆ្នាំថ្មី ឆ្នាំ ២០២១។

 


តាមការឲ្យដឹងពី អ្នកស្រី ពាន់ ភួងបុប្ផា អ្នកនិពន្ធ និងអ្នកដឹកនាំរឿងជើងចាស់ដ៏ល្បីល្បាញ «ស្នាមស្នេហ៍សមុទ្ររាម» វគ្គ២នេះ គឺជាស្នាដៃផលិតភាគចុងក្រោយរបស់អ្នកស្រីផងដែរ។

 

 

ក្នុងនោះ វត្តមានតារាសម្តែងពោរពេញដោយទេពកោសល្យជាច្រើនរូប បាននឹងកំពុងត្រៀមរួចរាល់ហើយ ក្នុងការបញ្ចេញសមត្ថភាពសម្តែងក្នុងស្នាដៃថ្មីនេះ ធ្វើយ៉ាងណាសាកសមទៅនិងអត្ថន័យនៃសាច់រឿងដែលអ្នកនិពន្ធ និងផលិតករបានរៀបចំឡើង។

 

 

តួយ៉ាង ក្នុងភាពយន្តភាគថ្មីនេះ «ស្នាមស្នេហ៍សមុទ្ររាម» ដែលជាប្រភេទរឿង មនោសញ្ចេតនាស្នេហា កម្សត់ និងបង្ហាញពីអនុស្សាវរីយ៍បែបគូស្នេហ៍ ក៏នឹងមានការចូលរួមសម្តែងដោយ កញ្ញា អឿន រ៉ូហ្សារ ជាតួឯកស្រី លោក ពៅ ពិសិដ្ឋ ជាតួឯកប្រុស លោក ឡេង ឧត្តម កញ្ញា នីតា វ៉ូរ៉ាវង្ស លោក Jimmy កញ្ញា ឈុន សួងអ៊ី រួមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូបផ្សេងទៀត។


ដោយឡែក សម្រាប់រឿងភាគបុរាណ បែបអក្សរសិល្បិ៍ខ្មែរ រឿង «មរណៈមាតា» វិញនោះ ជាសាច់រឿងបែបកម្សត់ សោកសង្រេង រៀបរាប់ពីខ្សែជីវិតព្រាត់ប្រាស់អ្នកមានគុណ ប៉ុន្តែដោយសារតែភាពកត្តញ្ញូ របស់កូនស្រីម្នាក់បានធ្វើឲ្យ ផុតពីកម្មពៀរអស់ទាំងនោះ។

 

 

ការដែល PNN បន្តផលិតរឿងភាគបែបអក្សរសិល្បិ៍នេះឡើង គឺដើម្បីបម្រើចំណីចក្ខុទស្សនិកជន ក៏ដូចជាចែករំលែកនូវចំណេះដឹង គុណធម៌ ការរៀនសូត្រ ពីបុណ្យ បាប ក្នុងផ្លូវព្រះពុទ្ធសាសនាផងដែរ។

 

 

ក្នុងភាពយន្តភាគដែលល្បីល្បាញតាំងពី១០ឆ្នាំមុននេះ លោក ខាត់ វៃហាំង និងកញ្ញា សំណាង អេលីណា នឹងមានវត្តមានជាតួឯកប្រុសស្រី។ យ៉ាងណាមិញ ការគ្រោងនឹងត្រៀមផលិតភាពយន្តភាគខ្នាតធំទាំងពីរនេះ PNN សង្ឃឹមជឿជាក់យ៉ាងមុតមាំថា នឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ដើម្បីជាការលើកចិត្តដល់ក្រុមការងារ ក្នុងការផលិតសាច់រឿងឲ្យបានល្អ។

 

 

PNN រួមទាំងផលិតកម្មជាដៃគូ នឹងព្យាយាមឲ្យអស់ពីកម្លាំងចិត្ត ដើម្បីទទួលបានភាពយន្តខ្មែរគុណភាពខ្ពស់ ជូនទៅដល់ទស្សនិជន។

 

សូមរង់ចាំតាមដានទស្សនានូវសាច់រឿងទាំងពីរនេះនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិននៅក្នុងឆ្នាំ ២០២១ ខាងមុខនេះ។

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ PNN 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024