ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

អភិបាលរាជធានីភ្នំពេញ បញ្ជាអោយកាយទម្លាយចំណុចចាក់ដីលប់ប្រឡាយអមវិថីឈ្នះឈ្នះជាង ៣០ទីតាំង ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅប៉ែកខាងលិច

០៦ តុលា ២០២០ | ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាឲ្យអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដោយសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន កាយទម្លាយចំណុចចាក់ដីលប់ប្រឡាយអមវិថីឈ្នះឈ្នះជាង ៣០ទីតាំង ដើម្បីរំដោះជំនន់ទឹកភ្លៀង នៅប៉ែកខាងលិច។ ការបញ្ជាអោយកាយទម្លាយចំណុចចាក់ដីលប់ប្រឡាយ អមវិថីឈ្នះឈ្នះជាង ៣០ទីតាំង ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅប៉ែកខាងលិច បានធ្វើឡើងក្នុងឱកាសចុះពិនិត្យស្ថានភាពជាក់ស្តែងជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រខណ្ឌពោធិសែនជ័យ និងខណ្ឌកំបូល បែកខាងលិចរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែតុលា។

 

 

ក្រៅពីការងារខាងលើ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំអោយអភិបាលខណ្ឌពោធិសែនជ័យ និងមន្ត្រីពាក់ពន្ធ័ ត្រូវពិនិត្យមើលការរំលោភចំណីប្រឡាយនៅផ្លូវឆេកូ ដែលមានទទឹង ៥០ម៉ែត្រ ដោយតម្រូវឲ្យរុះរើសំណង់ ដែលរំលោភប្រឡាយចេញឲ្យអស់ រក្សាស្ថានភាពប្រឡាយដូចដើមវិញ។

 

 

ជាមួយគ្នាឯកឧត្តម ក៏បានណែនាំអោយមន្ទីរសាធារណការ និងដឹកជញ្ជូន យកគ្រឿងចក្រកាយបើកមុខទឹកចំនួន ២កន្លែង អមផ្លូវរថភ្លើងក្នុងសង្កាត់ត្រពាំងក្រសាំង ដើម្បីនាំទឹកទៅប្រឡាយទម្លាក់ទៅស្ថានីយ៏បូមទឹកទួលសំពៅ រំដោះទឹកលិចលង់ដោយជំនន់ទឹកភ្លៀង ក្នុងសង្កាត់ត្រពាំងក្រសាំងផងដែរ។

គួររំលឹកថា ក្រោមឥទ្ធិពលភ្លៀងធ្លាក់យ៉ាងគំហុក និងទឹកហូរចាក់ពីស្រុកអង្គស្នូល ខេត្តកណ្តាល និងកំពង់ស្ពឺ បានធ្វើឲ្យកើតមានជំនន់ទឹក ភ្លៀង លិចភូមិដ្ឋានប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌពោធិសែនជ័យ រួមទាំងមួយចំណែកនៃផ្លូវជាតិលេខ៤ផងដែរ។

 

 

គួរបញ្ជាក់ថា មានកត្តា៣សំខាន់ៗ ដែលធ្វើឲ្យភូមិសាស្ត្ររាជធានីភ្នំពេញប៉ែកខាងលិច ទទួលរងការលិច លង់ ខ្លាំងដោយសារជំនន់ទឹកភ្លៀង គឺបរិមាណទឹកភ្លៀងធ្លាក់ខ្លាំងរហូតដល់ ១០៥mm ក្នុងមួយវិនាទី ផ្ទៃរងទឹកភ្លៀងដែលធ្លាប់តែ ទទួលចែករំលែកទឹកទៅតាមអូរ ប្រឡាយ ឬវាលស្រែនានា ត្រូវបាន អភិវឌ្ឍន៍ ទៅជាសំណង់លំនៅដ្ឋាន និងមួយចំណែកទៀត មានការចាក់ដីរំលោភប្រឡាយពី ប្រជាពល រដ្ឋ មួយចំនួន បណ្តាលឲ្យខ្វះផ្លូវទឹកហូរធ្វើឲ្យទឹកចាល់ មិនអាចហូរទៅណាបាន ក៏បណ្តាល លិច ភូមិសាស្ត្រ ខាងលើនេះតែម្តង៕

អត្ថបទ និងរូបភាព៖ សន រដ្ឋា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024