ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥
ចំនួនប្រជាជនសរុបរបស់ប្រទេសសិង្ហបុរី បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល១៧ ឆ្នាំមកនេះ ដោយសារតែសេដ្ឋកិច្ចប្រទេសនេះដាំក្បាលចុះខ្លាំង ដោយសារតែបញ្ហាមេរោគរាតត្បាតកូវីដ-១៩ ហើយគេសង្កេតឃើញថា ចំនួនជនបរទេស ដែលកំពុងធ្វើការនៅក្នុងទីក្រុងនៃប្រទេសដីកោះមួយនេះមានចំនួនកាន់តែតិចទៅៗ។ នេះបើយោងតាមសេចក្ដីរាយការណ៍មួយរបស់ Bloomberg។
សិង្ហបុរី ដែលជាប្រជាជាតិមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានធ្លាក់ចុះចំនួនប្រជាជនសរុប ០,៣% មកនៅត្រឹមចំនួនប្រមាណជិត ៥លាន៧សែននាក់ប៉ុណ្ណោះ គិតត្រឹមខែមិថុនាឆ្នាំ២០២០នេះ ធៀបនឹងឆ្នាំមុន ដោយសារតែមានការកាត់បន្ថយការងារជនបរទេសនៅក្នុងវិស័យសេវាកម្ម។ នេះបើតាមរបាយការណ៍របស់រដ្ឋាភិបាលប្រទេសនេះ។
ចំនួនប្រជាជនសរុប ដែលរួមបញ្ចូលទាំងពលរដ្ឋសិង្ហបុរីខ្លួនឯងផង,រួមទាំងអ្នកតាំងទីលំនៅជាអចិន្ត្រៃយ៍, កម្មករ និងនិស្សិតបរទេស បានធ្លាក់ចុះចុងក្រោយ គឺនៅអំឡុងឆ្នាំ២០០៣ ដែលមានត្រឹម៤លាន ១សែននាក់។
ចំនួនអ្នកដែលមិនមែនជាអ្នកតាំងទីលំនៅនៅមានចំនួន ជាង១លាន៦សែននាក់ គិតត្រឹមខែមិថុនាឆ្នាំ២០២០ ធ្លាក់ចុះ ២,១% ធៀបនឹងខែមិថុនាឆ្នាំ២០១៩ ហើយវាគឺជាចំនួនមួយទាបបំផុតតាំងពីឆ្នាំ២០១៥មក។ អ្នកកាន់ប្រភេទទិដ្ឋាការ បណ្ណការងារ ត្រូវបានមើលឃើញថា មានការធ្លាក់ចុះច្រើនបំផុត។
របាយការណ៍ បានឲ្យដឹងទៀតថា និន្នាការទាំងនេះ ភាគច្រើនដោយសារតែបញ្ហាកូវីដ-១៩ ជាប់ទាក់ទងនឹងតម្រូវការមានការធ្លាក់ចុះ និងមានការរឹតត្បិតលើការធ្វើដំណើរ។
ទាក់ទិននឹងពលករបរទេស បានក្លាយជាបញ្ហាចម្បងមួយនៅក្នុងការបោះឆ្នោតនៅក្នុងប្រទេសសិង្ហបុរី នៅឆ្នាំនេះ ដោយសារមានបេក្ខភាពប្រឆាំងជាច្រើនបានធ្វើយុទ្ធនាការឃោសនាថា ការងារកំពុងត្រូវបានគេដណ្ដើមយកពីពលរដ្ឋក្នុងស្រុក។
ក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះ រដ្ឋាភិបាលសិង្ហបុរី ក៏បានចាត់វិធានការជាច្រើនទៀត ដើម្បីលើកកម្ពស់ការជួលប្រជាជនសិង្ហបុរីឲ្យធ្វើការ និងរឹតបន្ដឹងក្របខណ្ឌរបស់ខ្លួនសម្រាប់ការចេញលិខិតឆ្លងដែនការងារ សម្រាប់ជនបរទេសផងដែរ៕
អត្ថបទ៖ ចាន់ ភារម្យ និងរូបភាពឯកសារ