ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥
ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងអវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីយាងបំពេញ ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋប្រជាមានិត ឡាវ។
ព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ បង្ហាញថា ព្រះអង្គ នឹងយាងបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ៣ ថ្ងៃ នៅប្រទេសឡាវ ចាប់ពីថ្ងៃទី២១ ខែធ្នូស្អែកនេះ តាមសំណើសូមយាងរបស់លោក Choummaly Sayasone ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត ឡាវ។
ព្រះករុណា ព្រះមហាក្សត្រ បានបញ្ជាក់ក្នុង ព្រះរាជសារជូនជនរួមជាតិថា នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ គឺសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធៃភា នឹងទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។
សូមរម្លឹកថា ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងបំពេញ ព្រះរាជទស្សនកិច្ចជាផ្លូវរដ្ឋ នៅប្រទេសវៀតណាម រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ ដើម្បីរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ឲ្យកាន់តែរឹងមាំ និងប្រសើរថែមទៀត។
បន្ទាប់ពីយាងបំពេញ ព្រះរាជទស្សនកិច្ចនៅ សាធារណរដ្ឋសង្គមនិយម វៀតណាម ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងបំពេញ ព្រះរាជទស្សនកិច្ច ទៅកាន់ក្រុងប៉ារីស សាធារណរដ្ឋបារាំង ដើម្បីចូលរួមសន្និសីទ លើកទី២១ ស្តីពី ការប្រែប្រួលអាកាសធាតុ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥៕
អត្ថបទ៖ លីម៉េងហួរ