ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥
កាលពី៥៨ឆ្នាំមុនតុលាការយុត្តិធម៌អន្ដរជាតិទីក្រុងឡាអេ បានសម្រេចឱ្យកម្ពុជាឈ្នះក្ដីលើភាគីថៃ ហើយតម្រូវឱ្យភាគីថៃត្រូវតែដកយោធារបស់ខ្លួនចេញពីតំបន់ប្រាសាទព្រះវិហារឱ្យអស់ដូចសាលដីកាកាលពីចុងឆ្នាំ២០១៣កន្លងទៅ។
ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គគឺជាវីរបុរសរបស់កម្ពុជាដែលមានព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្ត ដើម្បីទាមទារប្រាសាទព្រះវិហារពីការឈ្លានពានរបស់សៀមនៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជាបានទទួលឯករាជ្យពីបារាំង។
ព្រះបរមរតនកោដ្ឋ សេ្តចយាងបង្ហូតទង់ជាតិកម្ពុជា នៅលើកំពូលភ្នំនៃប្រាសាទព្រះវិហារ ក្រោយពីតុលាការទីក្រុងឡាអេសម្រេចកាត់ក្តីឱ្យកម្ពុជាឈ្នះ ដោយទទួលស្គាល់ទឹកដីនៃប្រាសាទព្រះវិហារជាកម្មសិទ្ធរបស់ព្រះរាជាណាចក្រកម្ពុជា ។
គួររម្លឹកថា ឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេបានសម្រេចសេចក្តីថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដី ដែលស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា បញ្ជាឱ្យថៃត្រូវតែដកកងទ័ព ប៉ូលិស ឬឆ្មាំផ្សេងទៀត ដែលឈរជើងនៅក្នុងប្រាសាទ និងនៅជុំវិញប្រាសាទក្នុងដែនដីរបស់កម្ពុជា ហើយតម្រូវឱ្យភាគីថៃត្រូវប្រគល់នូវរាល់វត្ថុបុរាណដែលថៃបានយកចេញពីប្រាសាទព្រះវិហារ ឬពីតំបន់ប្រាសាទ ក្នុងអំឡុងពេលដែលថៃកាន់កាប់ប្រាសាទចាប់តាំងពីឆ្នាំ១៩៥៤ មកឲ្យកម្ពុជាវិញ។
តែនៅឆ្នាំ២០០៨ភាគីថៃបានលើកទ័ពចូលលុកលុយវត្តកែវសិក្ខាគិរីស្វារៈជាប់ប្រាសាទព្រះវិហារ ដើម្បីប៉ុនប៉ងដណ្តើមទឹកដីនៅតំបន់ប្រាសាទព្រះវិហារ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌមនុស្សជាតិពិភពលោកនាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។
ជម្លោះព្រំដែនរវាងកម្ពុជា និងថៃបានផ្ទុះឡើងម្ដងទៀតយ៉ាងស្រួចស្រាវឈានដល់ការផ្ទុះអាវុធដាក់គ្នា។ តួប្រាសាទព្រះវិហារជាច្រើន បានរងនូវអំបែងគ្រាប់របស់ទាហានថៃ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ បានប្រឹងប្រែងយ៉ាងស្វិតស្វាញ ទាំងផ្នែកការទូត និងកម្លាំងប្រដាប់អាវុធ ដើម្បីការពារប្រាសាទ និងទឹកដីនៅជុំវិញនោះ។ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្ដរជាតិ បានបកស្រាយសាលដីកាឆ្នាំ១៩៦២ឡើងវិញ និងបានសម្រេចថាកម្ពុជាមានអធិបតេយ្យភាពលើដែនដីទាំងមូលនៃតំបន់ប្រាសាទព្រះវិហារ និងសម្រេចឱ្យភាគីថៃដកកងកម្លាំងប្រដាប់អាវុធ និងឆ្មាំប្រាសាទទាំងអស់ចេញពីបរិវេណជុំវិញប្រាសាទ៕