ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ក្រុមហ៊ុន Samsung Electronics បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងទំហំ ១៦ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់បន្ទះឈីបសម្រាប់ក្រុមហ៊ុនពិភពលោកដ៏ធំមួយ ដែលមិនបង្ហាញអត្តសញ្ញាណ និងធ្វើឱ្យភាគហ៊ុនរបស់ខ្លួន កើនឡើងជាង ៣%។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung របស់កូរ៉េខាងត្បូង បានលើកឡើងថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានេះ គឺសម្រាប់ការផលិតបន្ទះឈីបស្របតាមកិច្ចសន្យា ហើយព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងរួមទាំងសមភាគី និងលក្ខខណ្ឌ នឹងមិនត្រូវបានបង្ហាញរហូតដល់ កិច្ចសន្យាត្រូវបានបញ្ចប់នៅចុងឆ្នាំ ២០៣៣។
យ៉ាងណា កិច្ចព្រមព្រៀងនេះកើតឡើងនៅពេលដែលក្រុមហ៊ុន Samsung កំពុងតែតស៊ូក្នុងការប្រកួតប្រជែង ក្នុងការផលិតបន្ទះឈីបឆ្លាតវៃសិប្បនិម្មិត ដែលបានប៉ះពាល់ដល់ប្រាក់ចំណេញ និងតម្លៃភាគហ៊ុនរបស់ខ្លួន។
Samsung មានអតិថិជនដូចជា Tesla និង Qualcomm សម្រាប់អាជីវកម្មស្ថាបនិករបស់ខ្លួន ខណៈដែលគូប្រជែងធំជាង TSMC មានអតិថិជនដូចជា Apple និង Nvidia ។
ទន្ទឹមគ្នានេះ វាមិនច្បាស់ថា ការបញ្ជាទិញនេះនឹងប៉ះពាល់ដល់ ផែនការរបស់ក្រុមហ៊ុន Samsung ក្នុងការចាប់ផ្តើមផលិតកម្មនៅរោងចក្រថ្មីរបស់ខ្លួន ក្នុងរដ្ឋតិចសាស់ ឬយ៉ាងណានោះទេ ព្រោះរោងចក្រ ត្រូវបានពន្យារពេលដំណើរការ ខណៈ Samsung កំពុងបន្តតស៊ូដើម្បីឈ្នះអតិថិជនធំៗ។
ជាចុងក្រោយ ក្រុមអ្នកវិភាគ បានលើកឡើងថា Samsung បាននឹងកំពុងបាត់បង់ចំណែកទីផ្សារទៅឱ្យ TSMC ក្នុងការផលិតកិច្ចសន្យា ដោយគូសបញ្ជាក់ពី បញ្ហាប្រឈមផ្នែកបច្ចេកវិទ្យាដែលក្រុមហ៊ុនប្រឈមមុខ ក្នុងការគ្រប់គ្រងការផលិតបន្ទះឈីបកម្រិតខ្ពស់ ដើម្បីទាក់ទាញក្រុមហ៊ុន Apple និង Nvidia ឱ្យឆ្ងាយពី TSMC៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ