ថ្ងៃអង្គារ៍ ទី២២ ខែកក្កដា ឆ្នាំ២០២៥

វិមានគ្រីមឡាំង៖មិនបដិសេធជំនួបរវាងលោកPutin-Trumpក្នុងខែកញ្ញានៅប៉េកាំង

២២ កក្កដា ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

វិមានគ្រីមឡាំង បាននិយាយនៅថ្ងៃច័ន្ទ(២១កក្កដា)ថា រុស្ស៊ីមិនបដិសេធឡើយចំពោះលទ្ធភាពនៃជំនួបរវាងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងលោកប្រធានាធិបតីអាមេរិក Donald Trump  ប្រសិនបើប្រធានាធិបតីនៃប្រទេសទាំង២ ស្ថិតនៅក្នុងទីក្រុងប៉េកាំងនៅពេលដូចគ្នា នៅខែកញ្ញា។ 
 

អ្នកនាំពាក្យវិមានគ្រីមឡាំង លោក Dmitry Peskov  បានបញ្ជាក់ថា លោក Putin នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីចូលរួមកម្មវិធីផ្សេងៗជាច្រើនរំលឹកដល់ខួប៨០ឆ្នាំនៃការបញ្ចប់ទៅ នៃសង្គ្រាមលោកលើកទី២ ប៉ុន្តែរដ្ឋាភិបាលទីក្រុងម៉ូស្គូ មិនបានដឹងដំណឹងថាលោកTrump គ្រោងទៅប្រទេសចិននោះឡើយ។ 

 

សារព័ត៌មាន Times បានផ្សាយកាលពីសប្តាហ៍មុនថា ប្រទេសចិន បានព្យាយាមរៀបចំឱ្យមានកិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតីTrump និងលោកប្រធានាធិបតីPutin។ 

 

លោកPutin និងលោក Trump បានជួបពិភាក្សាគ្នា៦ដងចាប់តាំងពីលោកTrump វិលត្រលប់ទៅកាន់តំណែងម្ចាស់សេតវិមាននៅខែមករា។ វិមានគ្រីមឡាំង បានលើកឡើងថា ខ្លួនគាំទ្រជំនួបទល់មុខរវាងមេដឹកនាំទាំង២ ប៉ុន្តែបញ្ហាជំនួបនេះ ចាំបាច់ត្រូវរៀបចំដោយប្រុងប្រយ័ត្នដើម្បីទទួលបានលទ្ធផល។ 

 

លោកប្រធានាធិបតីអាមេរិក Trump បានបង្ហាញការខកចិត្តជាមួយមេដឹកនាំរុស្ស៊ីចំពោះការមិនវិវត្តន៍ទៅមុខសោះជុំវិញការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

 

កាលពីខែមុនលោកប្រធានាធិបតីTrump បាននិយាយច្បាស់ថាលោកនឹងដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ី ក្នុងពេល៥០ថ្ងៃ ប្រសិនបើរដ្ឋាភិបាលទីក្រុងម៉ូស្គូមិនឯកភាពចំពោះកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន។ កាលបរិច្ឆេទនេះ នឹងផុតកំណត់នៅដើមខែកញ្ញា ដែលស្របពេលគ្នា និងកម្មវិធីខួបបញ្ចប់សង្គ្រាមលោកលើកទី២នៅប៉េកាំង។ 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025