ថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥
ប្រទេសរុស្ស៊ី បានបើកការបាញ់ស្រោចមីស៊ីល និងដ្រូនទៅលើប្រទេសអ៊ុយក្រែនពេញមួយយប់នៅថ្ងៃច័ន្ទ(២១កក្កដា) សម្លាប់មនុស្សម្នាក់ នៅទីក្រុងកៀវ និងបង្កឱ្យកើតមានអគ្គីភ័យ ជាច្រើនកន្លែងនៅទីក្រុងកៀវ។ យោងអាជ្ញាធរទីក្រុងកៀវ។
លោក Vitali Klitschko អភិបាលទីក្រុងកៀវ បានលើកឡើងថា ក្រុមសង្គ្រោះ និងក្រុមគ្រូពេទ្យ កំពុងបំពេញមុខងារនៅតាមទីកន្លែងជាច្រើននៅទូទាំងសង្កាត់ចំនួន៤ របស់ទីក្រុងកៀវ។ ស្ថានីយ៍ផ្លូវក្រោមដីនៅកណ្តាលទីក្រុងកៀវ, អាគារពាណិជ្ជកម្ម, ហាងទំនិញ, លំនៅដ្ឋាន, និងមត្ដេយ្យសាលា បានរងការខូចខាត។
ក្នុងពេលវេលាដ៏តានតឹងនិងមិនបានដេកពួនសម្រាប់ប្រជាជនទីក្រុងកៀវ ឃើញថា ប្រជាជនភាគច្រើនប្រញ៉ាប់ប្រញ៉ាល់ទៅកាន់ជម្រកសុវត្ថិភាពនៅស្ថានីយ៍ក្រោមដី។ សម្លេងគ្រាប់ផ្ទុះ បានលាន់លឺឡើងនៅទូទាំងទីក្រុង ខណៈក្រុមយោធាការពារដែនអាកាស ចូលរួមទប់ទល់ការវាយប្រហារ។
អ្នកនាំពាក្យវិមានគ្រីមឡាំងលោក Dmitry Peskov នៅថ្ងៃអាទិត្យ(២០កក្កដា) បាននិយាយថា រុស្ស៊ីស្វាគមន៍កិច្ចពិភាក្សាសន្តិភាពជាមួយប្រទេសអ៊ុយក្រែន ប៉ុន្តែការសម្រេចបានគោលដៅរបស់ខ្លួននៅតែជាអាទិភាព។
ការលើកឡើងនេះ បានធ្វើឡើងនៅប៉ុន្មានថ្ងៃក្រោយពីលោកប្រធានាធិបតីអាមេរិក Donald Trump ទុកពេលឱ្យរដ្ឋាភិបាលទីក្រុងម៉ូស្គូ៥០ថ្ងៃ ដើម្បីបង្កើតកិច្ចព្រមព្រៀងបទឈប់បាញ់ បើមិនដូច្នោះទេ រុស្ស៊ីនឹងរងទណ្ឌកម្មខ្លាំង។
ប្រទេសអ៊ុយក្រែន មានសង្គ្រាមជាមួយប្រទេសរុស្ស៊ី ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២ នៅពេលរុស្ស៊ីលើកទ័ពចូលឈ្លានពានទឹកដីអ៊ុយក្រែនក្រោមប្រតិបត្តិការយោធាពិសេស។ ការឈ្លានពាននេះ ត្រូវបានបណ្តាប្រទេសលោកខាងលិចនិងពិភពលោកថ្កោលទោសនិងបានដាក់ទណ្ឌកម្មយ៉ាងច្រើនប្រឆាំងនឹងប្រទេសរុស្ស៊ី។
ប្រែសម្រួល៖ណាវ័ន្ត