ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥
មិនឱ្យខកខានឱកាសសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ តារាចម្រៀងរូបសង្ហា ពេជ្រ ដារាពង្ស ផ្ដើមសម្រុកចេញបទចម្រៀងជាច្រើនដោយរំពឹងទីផ្សារ និងប្រជាប្រិយភាពឡើងខ្លាំង ។
មិនខុសពីតារាចម្រៀងផ្សេងទៀតនោះឡើយ កំលោះសង្ហា លោក ពេជ្រ ដារាពង្ស កំពុងសម្រុកចេញបទចម្រៀងថ្មីៗ ដើម្បីកំដរអារម្មណ៍ប្រិយមិត្តទស្សនិកជនស្តាប់ និងរាំលេងកម្សាន្តនាឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ។
ថ្មីៗកន្លងទៅតារាចម្រៀងរូបនេះ បានលេចមុខក្នុង Channel Sunday Gold ដែលជាបុត្រសម្ព័ន្ធរបស់ផលិតកម្ម Sunday។ តារាចម្រៀងវ័យក្មេងខាងលើឱ្យដឹងថា លោកគ្រោងចេញចម្រៀង ១០បទក្នុង Sunday Gold ដោយចាប់ផ្តើមពីបទ «ឆ្នាំនេះកាន់ដៃ» និងថ្មីៗនេះទើបតែទម្លាក់បទ «បឹមបឹម» ជា dance version មុនពេលបទនេះផលិតជា MV ចម្រៀងផ្លូវការ។ មិនទាន់អស់នៅឡើយទេ ឆាប់ៗនេះ លោកនឹងបញ្ចេញបទចម្រៀងថ្មីមួយទៀត ចំណងជើង «រាំក្បាច់តាតា» ទុកសម្រាប់ពុកម៉ែបងប្អូនរាំលេងកម្សាន្តឱ្យសប្បាយរីករាយនាឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែររបស់យើង។
ម្ចាស់បទ «បឹមបឹម» ថា បទចម្រៀងថ្មីៗរបស់លោកត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំងទាំងអត្ថន័យ និងក្បាច់រាំ ធ្វើយ៉ាងណាឱ្យមានភាពរស់រវើកស័ក្កសមសម្រាប់អ្នកទស្សនា ពិសេសយុវវ័យសម័យថ្មីតែម្តង។ ជាក់ស្តែងបទនេះ គឺតែងនិពន្ធឡើងតាមតម្រូវការទីផ្សារ និងរបត់នៃការរស់នៅរបស់យុវវ័យសម័យថ្មី គួបផ្សំការតុបតែងបែបទាក់ទាញ និងក្បាច់រាំដ៏រស់រវើកផងនោះ ធ្វើឱ្យបទនេះមើលទៅរឹតតែទាក់ទាញថែមមួយកម្រិតទៀត។
តារាចម្រៀង ពេជ្រ ដារាពង្ស សង្ឃឹមថា ពុកម៉ែបងប្អូននឹងចូលចិត្តស្នាដៃបទចម្រៀងរបស់លោកដែលបានទម្លាក់លើទីផ្សារ ក៏ដូចជាចម្រៀងថ្មីៗដែលត្រៀមបញ្ចេញលើ Channel Sunday Gold នាពេលខាងឆាប់ៗមុខនេះ។
ឆ្លៀតឱកាសនេះ លោកសូមផ្ញើរស្នាដៃបទ «បឹមបឹម» ក្នុងដួងចិត្តយុវវ័យ និងសូមអរគុណទៅកាន់លោកគ្រូភ្លេង មាស សុគន្ធ ហៅ អួយ ដែលគ្រប់គ្នាស្គាល់ថា ជាគ្រូភ្លេងធ្លាប់ផលិតបទល្បីៗឱ្យផលិតកម្មក្នុងស្រុក សម្រាប់ការជួយជ្រោមជ្រែងក្នុងការផលិតបទ «រាំក្បាច់តាតា» ដែលត្រៀមទម្លាក់មុនពិធីបុណ្យចូលឆ្នាំខ្មែរ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ