ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ចាត់ទុកព្រលានយន្តហោះអន្តរជាតិតេជោថ្មី គឺជាតម្លៃបន្ថែមថ្មីសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា។នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូប្រមាណជាង ១០០នាក់ បានធ្វើដំណើរទស្សនកិច្ចមកកាន់ ព្រលានយន្តហោះអន្តរជាតិតេជោ ដែលគ្រោងនឹងបើកដំណើរការ នៅក្នុងខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានរំលេចថា ព្រលានយន្តហោះអន្តរជាតិតេជោថ្មី គឺជាតម្លៃបន្ថែមថ្មីសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ជាក់ស្តែងនៅពេលដែល សកម្មភាពជើងហោះហើរកើនឡើង ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលមកកម្សាន្តនៅកម្ពុជា នឹងកើនឡើងដូចគ្នាដែរ។
ឯកឧត្តម ហួត ហាក់ បានបញ្ជាក់បន្ថែមថា ការសម្រេចបាននូវ សមិទ្ធផលព្រលានយន្តហោះលំដាប់អន្តរជាតិមួយនេះ ដែលមានសមត្ថភាពទទួល យន្តហោះខ្នាតធំ គឺពិតជាបានជួយសម្រួលដល់ វិស័យទេសចរណ៍ច្រើនណាស់ ជាពិសេសគឺលើកមុខមាត់របស់ប្រទេសកម្ពុជាតែម្តង។
ទន្ទឹមគ្នានេះ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន (CAIC) បានដឹកនាំគណៈប្រតិភូប្រមាណជាង ១០០នាក់ មកពីក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យវឌ្ឍនភាពព្រលានយន្តហោះអន្តរជាតិតេជោ និងបានគូសបង្ហាញបន្ថែមអំពី ផែនការអភិវឌ្ឍន៍ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនទៀត នៅក្នុងគម្រោងព្រលានយន្តហោះនេះ ដែលរួមមាន គម្រោងភូមិវប្បធម៌ សណ្ឋាគារក្នុងព្រលានយន្តហោះ សាលសន្និបាតលំដាប់អន្តរជាតិ កន្លែងទទួលភ្ញៀវលំដាប់ VIP និងគម្រោងចំណតប្រើប្រាស់ដំបូលសូឡា សម្រាប់សាកថ្មឱ្យរថយន្តអគ្គិសនីជាដើម។
សូមជម្រាបថា រហូតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់ ប្រមាណជាង ៩៥% នឹងគ្រោងដាក់ឲ្យដំណើរការនៅខែកក្កដា ខាងមុខនេះ។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២.៦០០ហិកតា ជាព្រលានយន្តហោះលំដាប់ 4F ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត