ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ប្រធានសមាគមស្វាយចន្ទីកម្ពុជា មានក្តីសង្ឃឹមយ៉ាងមុតមាំថា ការកែច្នៃនិងការវិនិយោគ និងបន្តមានកំណើនលើវិស័យស្វាយចន្ទី ខណៈរាជរដ្ឋាភិបាល និងសមាគមបានបន្តធ្វើការផ្សព្វផ្សាយពីសក្តានុពលទៅលើដំណាំស្វាយចន្ទីកម្ពុជាទៅកាន់ពិភពលោក។ ស្វាយចន្ទី ជាដំណាំឧហ្សាហកម្មរយៈពេលវែង ដែលមិនរើសដី ងាយស្រួលដាំដុះ ធន់នឹងអាកាសធាតុ ដែលឃើញមានភាគច្រើនដាំដុះនៅតំបន់ខ្ពង់រាបនៃប្រទេសកម្ពុជា ដូចជា ខេត្តមណ្ឌលគិរី រតនៈគីរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងកោះកុង ជាដើម។ ដំណាំស្វាយចន្ទី ក៏មានការដាំដុះនៅតាមតំបន់វាលទំនាបមិនលិចទឹកផងដែរ ដូចជា ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ព្រៃវែង បន្ទាយមានជ័យ និងខេត្តសៀមរាប ខណៈស្វាយចន្ទីជាដំណាំឧហ្សាកម្មដែលមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ ហើយបច្ចុប្បន្នស្វាយចន្ទីជាប់ចំណាត់ថ្នាក់លេខ៣ ជាកសិផលនាំចេញទៅក្រៅប្រទេសច្រើនជាងគេ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់ក្រុមការងារសេដ្ឋកិច្ច ភីអិនអិន ឲ្យបានដឹងថា កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកទឹកចិត្តផ្នែកគយដល់សមាគមស្វាយចន្ទីកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយអំពីការលើកទឹកចិត្តផ្នែកគយ ដើម្បីចូលរួមជំរុញនិងគាំទ្រការពង្រឹងភាពប្រកួតប្រជែង និងការបង្កើនសមត្ថភាពផលិតកម្មក្នុងវិស័យស្វាយចន្ទី ហើយជាមួយគ្នានេះ ក៏មានគោលបំណងស្វែងយល់ពីបញ្ហាប្រឈមសំខាន់ៗនៃវិស័យនេះ ដើម្បីជាធាតុចូលសម្រាប់រៀបចំដាក់ចេញនូវយន្តការលើកទឹកចិត្តនិងគាំទ្របន្ថែម។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបន្តថា ក្នុងការទទួលបានការលើកទឹកចិត្តពន្ធគយនេះ សហគ្រាសក្នុងវិស័យស្វាយចន្ទីត្រូវដាក់ពាក្យស្នើសុំ QIP ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចនាំចូលទំនិញ ជាពិសេសទំនិញដែលយកមកបម្រើដល់ការសាងសង់រោងចក្រ ឬបម្រើដល់ខ្សែច្រវ៉ាក់ផលិតកម្មផ្សេងៗនៅក្នុងរោងចក្រ ដោយរួចពន្ធ។ លើសពីនេះ ការនាំចូលបរិក្ខារផលិតកម្ម សម្ភារសាងសង់រោងចក្រ និងធាតុចូលផលិតកម្ម សម្រាប់វិស័យស្វាយចន្ទី នឹងត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើកលែងពន្ធគយ អាករពិសេស អាករលើតម្លៃបន្ថែម ដើម្បីជំរុញការកែច្នៃស្វាយចន្ទីឱ្យកាន់តែប្រសើរជាងមុន ខណៈកាលពីឆ្នាំ ២០២៤ ការកែច្នៃស្វាយចន្ទីមានត្រឹមតែជាង ៣%ប៉ុណ្ណោះ។
ប្រធានសមាគមរូបនេះ មានក្តីសង្ឃឹមយ៉ាងមុតមាំថា ក្នុងឆ្នាំ ២០២៥នេះ ការកែច្នៃនិងការវិនិយោគ និងបន្តមានកំណើនលើវិស័យស្វាយចន្ទី ខណៈរាជរដ្ឋាភិបាល និងសមាគមបានបន្តធ្វើការផ្សព្វផ្សាយពីសក្តានុពលទៅលើដំណាំស្វាយចន្ទីកម្ពុជាទៅកាន់ពិភពលោក ហើយកម្ពុជាសព្វថ្ងៃពិតជាបានជួបផ្ទាល់ ជជែកផ្ទាល់ជាមួយអ្នកវិនិយោគិនពីបណ្តាប្រទេសមួយចំនួន មានដូចជា កូរ៉េ ចិន ចិនតៃវ៉ាន់ ជប៉ុន និងឥណ្ឌា ជាដើម ដើម្បីពិនិត្យនិងសិក្សាពីលិទ្ធភាពក្នុងការបើករោងចក្រនៅកម្ពុជា។ ដូចនេះ នៅក្នុងឆ្នាំ ២០២៥នេះ សមាគមស្វាយចន្ទីកម្ពុជា នៅតែបន្តឃើញសញ្ញាវិជ្ជមាននៃការវិនិយោគលើវិស័យស្វាយចន្ទីនៅកម្ពុជា។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា ទំនិញដែលនាំចូលក្នុងកម្មវត្ថុនៃការលើកទឹកចិត្ត គឺសម្ភារៈបរិក្ខាផលិតកម្ម គ្រឿងម៉ាស៊ីន ឧបករណ៍ដែលបានប្រើប្រាស់ជាមូលដ្ឋាន ក្នុងការបំប្លែងធាតុចូលផលិតកម្ម ហើយដែលវត្ថុទាំងនោះមិនអាចបំប្លែងបានដោយខ្លួនឯង ឬមិនត្រូវបានប្រើប្រាស់ក្នុងរយៈពេល ២ឆ្នាំ បន្ទាប់ពីបាននាំចូល សម្ភារសាងសង់ សម្ភារសំណង់ រួមទាំងឧបករណ៍ បរិក្ខាដែលបានបំប្លែង ឬបានប្រើប្រាស់ទាំងស្រុងនៅក្នុងការបម្រើឱ្យផលិតកម្មធាតុចូលផលិតកម្មទំនិញ រួមទាំងវត្ថុធាតុដើម ផលិតផលពាក់កណ្តាលសម្រេច និងសម្ភារៈបន្ទាប់បន្សំ បម្រើឱ្យផលិតកម្មដែលត្រូវបានបំប្លែង ឬត្រូវបានប្រើប្រាស់យ៉ាងពេញនៅក្នុងដំណើរការកិច្ចពាណិជ្ជកម្មមិនឱ្យហួសពី ២ឆ្នាំ បន្ទាប់ពីបាននាំចូល។
ចំណែក លោក ប៊ុន ជីវ ប្រធាននាយកដ្ឋានរបបគយ បានថ្លែងថា ការលើកទឹកចិត្តផ្នែកគយ ជាការលើកលែងពន្ធគយ អាករពិសេស អាករលើតម្លៃបន្ថែម លើការនាំចូលបរិក្ខារផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម នៅក្រោមយន្តការច្បាប់ស្តីពីវិនិយោគ និងយន្តការលើកទឹកចិត្តផ្នែកគយសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីទទួលបានអត្ថប្រយោជន៍នេះ សម្រាប់ការអភិវឌ្ឍផលិតកម្មរបស់ខ្លួន វិនិយោគិន រួមនឹង SMEs អាចសាកសួរព័ត៌មាន និងដាក់ពាក្យស្នើនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត និងនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
លោក អួន ស៊ីឡុត បន្តថា បើទោះបីជាការផលិតគ្រាប់ស្វាយចន្ទីកើនឡើងក៏ដោយ ប៉ុន្តែការកែច្នៃនៅក្នុងស្រុកហាក់មានការថយចុះ ដោយសារតម្លៃគ្រាប់ឆៅដែលនាំចេញទៅក្រៅប្រទេសមានតម្លៃខ្ពស់ ដែលជំរុញឱ្យកសិករ និងសហគ្រាសមួយចំនួនលក់គ្រាប់ឆៅទៅឱ្យឈ្មួញបរទេស ហើយសហគ្រាសកែច្នៃក្នុងស្រុកមួយចំនួនទៀតថា មិនមានទុនបង្វិលគ្រប់គ្រាន់ សម្រាប់ប្រជែងទិញគ្រាប់ស្វាយចន្ទីស្តុកទុកកែច្នៃ ខណៈបច្ចុប្បន្ននេះកម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទី ចំនួន ៥០ ក្នុងនោះ ៦ ជារោងចក្រធុនមធ្យម ដែលមានសមត្ថភាពផលិត ៧ ពាន់តោន ទៅ ១ម៉ឺន៤ពាន់ តោន ក្នុងមួយឆ្នាំ។ ចំណែក ៤៤ សហគ្រាសទៀត ជាសិប្បកម្មលក្ខណៈគ្រួសារតូចៗ មិនមានផលិតកម្មពេញ ១ឆ្នាំ នោះទេ។
ទន្ទឹមនឹងនេះ ការកែច្នៃនឹងមានការកើនឡើង បើសហគ្រាសកែច្នៃអាចទទួលកម្ចីទុនបង្វិលសម្រាប់ទិញគ្រាប់ស្វាយចន្ទីបានលឿន។ ដូចនេះហើយទើបលោក ស្នើឱ្យធនាគាររបស់រដ្ឋ SME Bank និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មផ្តល់ភាពងាយស្រួលក្នុងការទម្លាក់កម្ចី ដល់សហគ្រាសកែច្នៃក្នុងស្រុក។ រាជរដ្ឋាភិបាល បានជួយកសិករច្រើនមកហើយ នៅតែកសិករទេ ដែលត្រូវរួបរួមគ្នាដើរតាមបន្ទាត់របស់រាជរដ្ឋាភិបាល។ ហើយជាការសំណូមពរជាចម្បងដែលសមាគមតែងតែគិត គឺមានបីចំណុច ទី១ ចង់ឱ្យរាជរដ្ឋាភិបាលតាមរយៈធនាគាររដ្ឋ SME Bank ក៏ដូចជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមជួយបញ្ចេញថវិកាដើម្បីផ្តល់ជូនដល់សហគ្រាសក្នុងការទិញគ្រាប់កែច្នៃ ដែលទុនបង្វិលឱ្យទាន់ពេលវេលា ដើម្បីអាចមានលទ្ធភាពប្រជែងទិញគ្រាប់កែច្នៃ និងជួយទប់តម្លៃកសិផល កុំឱ្យឈ្មួញបរទេសទម្លាក់តម្លៃខ្លាំងពេក។ ទី២ ចង់ឱ្យរាជរដ្ឋាភិបាលពង្រីកសមត្ថភាពសហគ្រាស ធ្វើផែនការអាជីវកម្ម ផែនការហិរញ្ញវត្ថុ ដោយសារតែបច្ចុប្បន្នសហគ្រាសរបស់កម្ពុជានៅមានកម្រិត។ និងទី៣ សមាគមសុំឱ្យរាជរដ្ឋាភិបាលលើកលែងពន្ធមួយចំនួនឱ្យដូចវិស័យស្រូវអង្ករផងដែរ។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា រូបនេះ បានឱ្យដឹងថា ក្នុងរយៈពេល ១២ខែ ក្នុងឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួន ៨៥ម៉ឺនតោន កើនឡើង២៦% ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ដែលផលិតស្វាយចន្ទីបានច្រើនជាងគេនៅក្នុងពិភពលោក។ ក្នុងនោះ កម្ពុជាបាននាំចេញគ្រាប់ឆៅចំនួន ៨១ ម៉ឺនតោន កើនឡើង២១% ទទួលបានថវិកាចំនួន ១១៥០លានដុល្លារអាមេរិក កើនឡើង ២៦% ដោយឡែក នាំចេញទៅវៀតណាមមានចំនួនជាង៧៩ ម៉ឺនតោន។ ប្រធានសមាគម មានក្តីរំពឹងថា ទីផ្សារគ្រាប់ស្វាយចន្ទីនៅដើមឆ្នាំ ២០២៥ នេះ ល្អជាងឆ្នាំមុន ពោលគឺអាចលក់បានចន្លោះពី ៦ពាន់រៀល ដល់ ៦ពាន់២រយរៀល ក្នុង១គីឡូក្រាម ខណៈកាលពីដើមឆ្នាំមុនមានតម្លៃប្រមាណ ៥ពាន់៤រយ រៀល តែប៉ុណ្ណោះក្នុង ១គីឡូក្រាម។
គួរជម្រាបថា បើយោងតាមទិន្នន័យដែលបានកត់ត្រាដោយសមាគមស្វាយចន្ទីកម្ពុជា ទាំងការនាំចេញផ្លូវការ និងក្រៅផ្លូវ បានបង្ហាញថា នៅក្នុងឆ្នាំ ២០២៤ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទី ទាំងស្រស់ និងកែច្នៃ ទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានចំណូលជាង ១ពាន់លានដុល្លារអាមេរិក កើនឡើង ២៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៣៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ