ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥

សម្តេចមហាបវរធិបតី៖ កម្ពុជាទទួលបានគម្រោងវិនិយោគ ៤១៤ គម្រោង ជាមួយនឹងទំហំវិនិយោគ ៦,៩ ពាន់លានដុល្លារ នៅឆ្នំា២០២៤

០៧ មីនា ២០២៥ | សេដ្ឋកិច្ច

 

នៅក្នុងឆ្នាំ ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៤១៤ គម្រោង ជាមួយនឹងទំហំវិនិយោគ ៦,៩ ពាន់លានដុល្លារអាមេរិក មានការកើនឡើង ៤០% បើធៀបនឹងឆ្នាំ២០២៣។

 

 

នាឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ( Cambodia-ASEAN Business Summit 2025 ) នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នំា២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សមិទ្ធផលពាណិជ្ជកម្មអន្តរជាតិ គឺជាការគូសបញ្ជាក់បន្ថែម ពីកម្លាំងនៃទីផ្សារ និងប្រសិទ្ធភាពនៃគោលនយោបាយរបស់កម្ពុជា។ ជាក់ស្តែង ទំហំពាណិជ្ជកម្មអន្តរជាតិ បានកើនឡើងជាង ១៦% ពី ៤៦ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣ ដល់ ៥៤ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤។

 


ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី បានលើកឡើងថា កម្ពុជា គឺជាទីផ្សារដ៏មានសក្ដានុពលយ៉ាងខ្លាំង ក្នុងនោះ មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានកសាងឡើងនៅលើកំណើនសេដ្ឋកិច្ចខ្ពស់ជាច្រើនទសវត្សរ៍ ក្នុងអត្រាជាមធ្យម ៧% មុនវិបត្តិនៃជំងឺរាតត្បាត ហើយកំពុងស្ថិតនៅលើមាគ៌ាដ៏រឹងមាំ ដើម្បីត្រលប់ទៅរកសន្ទុះកំណើននេះវិញ ជាមួយនឹងការព្យាការណ៍ថា នឹងសម្រេចបានអត្រាកំណើន ៦,៣% ក្នុងឆ្នាំ ២០២៥ និងបន្តសម្រេចបានកំណើនក្នុងចន្លោះពី ៦% ទៅ ៧% ក្នុងរយៈពេលមធ្យម។

 


លើសពីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការសម្រេចបានសមិទ្ធផលដ៏រឹងមាំនេះ គឺដោយសារគោលនយោបាយបើកចំហរបស់កម្ពុជា ចំពោះពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ ដែលផ្តល់នូវអត្ថប្រយោជន៍វិនិយោគជាយុទ្ធសាស្រ្ត ជាមួយនឹងស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច លទ្ធភាពចូលទៅកាន់ទីផ្សារធំទូលាយ និងក្របខ័ណ្ឌគតិយុត្ត ដែលកាន់តែប្រសើរឡើង ហើយវិនិយោគិន ទាំងបរទេស និងក្នុងស្រុក បាននិងកំពុងទទួលបានផលប្រយោជន៍ ពីបរិយាកាសអំណោយផលដល់ប្រតិបត្តិការ ប្រកបដោយសុវត្ថិភាព ដែលការណ៍នេះជួយកាត់បន្ថយហានិភ័យ បានជាអតិបរមា និងធានាបាននូវនិរន្តភាពនៃធុរកិច្ច។

 

 


ទន្ទឹមនឹងនេះ ដើម្បីធានាបាននូវការតភ្ជាប់ដោយរលូន ជាមួយរដ្ឋសមាជិកអាស៊ាន និងតំបន់ផ្សេងទៀត កម្ពុជា បាននិងកំពុងវិនិយោគជាយុទ្ធសាស្រ្តលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ដែលរួមបញ្ចូលទាំង ផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ និងមជ្ឈមណ្ឌលភស្តុភារកម្ម។

 


គួរជម្រាបថា បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៤កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបំបែកកំណត់ត្រាប្រចាំឆ្នាំ តាមរយៈការអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះ គម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណជិត ៣២ ម៉ឺនកន្លែង។

 

 

ស្ថិតនៅក្នុងឆ្នាំ ២០២៤ ដដែល ការវិនិយោគមកពីសាធារណរដ្ឋប្រជាមានិតចិន ស្ថិតនៅក្នុងលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៥០% នៃទុនវិនិយោគសរុប និងឈនៅលេខរៀងបន្ទាប់ គឺអ្នកវិនិយោគក្នុងស្រុក (កម្ពុជា) និងបានរួមចំណែក ៣៤% ហើយប្រទេសវៀតណាមស្ថិតនៅលំដាប់លេខរៀងទី៣ ដោយបានរួមចំណែក ៨% នៃទុនវិនិយោគសរុប៕
 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ក្រុមការងារនាយករដ្ឋមន្ត្រី

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025