ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ក្រុមហ៊ុនវិនិយោគិនចិនប្រមាណ ៥០ក្រុមហ៊ុន មកពីខេត្តហ៊ឺណាន បានបំពេញទស្សនកិច្ចស្វែងយល់ពី បរិយាកាសវិនិយោគនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
នារសៀលថ្ងៃទី៥ ខែមីនា នេះ ឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលស្វាគមន៍ដំណើរទស្សនកិច្ចស្វែងយល់ពី បរិយាកាសវិនិយោគនៅកម្ពុជារបស់ គណៈប្រតិភូនៃគណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ នៃខេត្តហ៊ឺណាន សាធារណរដ្ឋប្រជាមានិតចិន ព្រមជាមួយគណៈប្រតិភូវិនិយោគិននៃខេត្តហ៊ឺណាន សរុបប្រមាណ ៥០ក្រុមហ៊ុន ដឹកនាំដោយ លោកស្រី Li Fengzhi អភិបាលរង នៃគណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ។
នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពី សក្តានុពលវិជ្ជមាននានារបស់កម្ពុជា ដែលជាមូលដ្ឋានសម្រាប់ពិចារណា ក្នុងការសម្រេចចិត្តវិនិយោគ និងជម្រាបអំពីមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលគណៈប្រតិភូវិនិយោគិនគួរតែសិក្សាពិនិត្យលទ្ធភាព រួមមាន៖ រោងចក្រឧស្សាហកម្ម, ឧស្សាហកម្មយានយន្ត, ឧស្សាហកម្មអេឡិចត្រូនិក, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, កសិកម្ម និងកសិ-ឧស្សាហកម្ម, ការកែច្នៃចំណីអាហារ, ថាមពលបៃតង, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, វិស័យអប់រំបណ្តុះបណ្តាល, វិស័យសុខាភិបាល, បច្ចេកវិទ្យាឌីជីថល, សហគ្រាស/អាជីវកម្មខ្នាតតូច និងមធ្យម(SMEs) និងសេវាកម្មផ្សេងៗ។
ទន្ទឹមគ្នានេះ លោកស្រី Li Fengzhi អភិបាលរង បានគោរពថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ប្រកបដោយមិត្តភាព និងការរៀបចំជំនួបពិភាក្សាដ៏មានសារៈប្រយោជន៍ សម្រាប់គណៈប្រតិភូទាំងអស់ ហើយលោកស្រី ក៏បានរំលេចជាពិសេសអំពី គម្រោងស្នើសុំវិនិយោគសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅលើ ការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា របស់រដ្ឋបាលខេត្តហ៊ឺណាន ដែលត្រូវបានរំពឹងថា នឹងវិនិយោគឱ្យក្លាយជាតំបន់ពាណិជ្ជកម្មពិសេសលើ ផលិតផលកសិកម្ម, ការច្នៃផលិតផលកសិកម្ម, ការផ្ដល់សេវាកម្មលើបច្ចេកវិទ្យាកសិកម្ម និងជាទីតាំងស្តុកផលិតផលកសិកម្ម តាមរយៈការទាក់ទាញបណ្ដាក្រុមហ៊ុនផ្សេងៗ ដែលមានមុខសញ្ញាអាជីវកម្មពាក់ព័ន្ធនឹង វិស័យកសិកម្មបែបទំនើប។
មុននឹងបញ្ចប់ជំនួបពិភាក្សា ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវ ការប្តេជ្ញាធ្វើឱ្យកាន់តែស៊ីជម្រៅ និងកាន់តែជិតស្និទ្ធថែមទៀតនៃ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងចូលរួមសហការអនុវត្តផែនការកសាងកម្ពុជាក្នុងយុគសម័យថ្មី រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន (២០២៤ - ២០២៨) ក៏ដូចជាកិច្ចសហប្រតិបត្តិការមួយចំនួនទៀត។សូមរម្លឹកថា ក្នុងឆ្នាំ ២០២៤កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទាក់ទាញគម្រោងវិនិយោគសរុបប្រមាណ ៤១៤គម្រោង គិតជាទឹកប្រាក់ជាង ៦,៩ពាន់លានដុល្លារអាមេរិក ហើយក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០២៥នេះ កម្ពុជា ទាក់ទាញគម្រោងវិនិយោគប្រមាណជា ១១០គម្រោងផងដែរ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ