ថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០២៥

កំណើនសេដ្ឋកិច្ចកម្ពុជា រំពឹងសម្រេចបានក្នុងអត្រា ៦,៥% ក្នុងរយៈពេលខ្លី និងមធ្យម

០៥ មីនា ២០២៥ | សេដ្ឋកិច្ច

 

រាជរដ្ឋាភិបាលកម្ពុជា មានសុទិដ្ឋិនិយមខ្ពស់ថា នៅក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ កំណើនសេដ្ឋកិច្ចកម្ពុជាអាចមានលទ្ធភាពសម្រេចបានក្នុងរង្វង់ ៦,៥% ជាមធ្យមប្រចាំឆ្នាំ ដែលជំរុញដោយការនាំចេញ ដូចជា វិស័យកាត់ដេរ កម្មន្តសាល ទេសចរណ៍ និងកសិកម្ម។

 

 

នាឱកាសអញ្ជើញជាអធិបតីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្តីពី យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្នុងឆ្នាំ២០២៥នេះ សេដ្ឋកិច្ចកម្ពុជា រំពឹងថា នឹងបន្ដថែរក្សាបានចលនាការរឹងមាំ ជាមួយនឹងអត្រាកំណើនក្នុងរង្វង់ ៦,៣% ដែលបន្ដទ្រទ្រង់ ដោយវិស័យបម្រើការនាំចេញ ដូចជា វិស័យកាត់ដេរ និងកម្មន្ដសាល មិនមែនកាត់ដេរ ការបន្ដនិន្នាការកើនឡើងវិញ នៃវិស័យទេសចរណ៍ និងសេវាគាំទ្រ គួបផ្សំជាមួយនឹងការបន្ដសេ្ថរភាព នៃកំណើនវិស័យកសិកម្ម។

 


ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី បានបន្តថា ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ រាជរដ្ឋាភិបាលនៅតែមានសុទិដ្ឋិនិយមខ្ពស់ថា កំណើនសេដ្ឋកិច្ចនៅមានលទ្ធភាពបន្តសម្រេចបាន ក្នុងរង្វង់ ៦,៥% មធ្យមប្រចាំឆ្នាំ។ 

 


ក្នុងនោះ កំណើននេះនឹងមិនកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែទាមទារការខិតខំប្រឹងប្រែងពីភាគីពាក់ព័ន្ធ មិនត្រឹមតែពីសំណាក់រាជរដ្ឋាភិបាលនោះឡើយ ក្នុងការពង្រឹងការអនុវត្តគោលនយោបាយ និងការកែទម្រង់គន្លឹះៗ បើទោះបីជាសេដ្ឋកិច្ចកម្ពុជា បានវិលទៅរកកំណើនសក្ដានុពលក៏ពិតមែន ប៉ុន្តែវិបត្តិជំងឺកូវីដ១៩ បានបន្សល់ស្លាកស្នាម និងបន្ទុចបង្អាក់ ដល់ល្បឿននៃការអភិវឌ្ឍន៍របស់សង្គមជាតិ។

 


ជាមួយគ្នានេះ ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានចេញការវាយតម្លៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២៤ កន្លងមកនេះ សម្រេចបានក្នុងអត្រា ៥,៥% នៅឆ្នាំ ២០២៤ និងកើនដល់ ៥,៨% នៅឆ្នាំ ២០២៥ ខណៈអតិផរណានឹងកើនឡើងពី ០,៥% នៅឆ្នាំ ២០២៤ ដល់ ២% នៅឆ្នាំ ២០២៥។ 


ទោះជាយ៉ាងណាក៏ដោយ ហានិភ័យចំពោះទស្សនវិស័យនេះ មានទំនោរធ្លាក់ចុះដោយសារតែពីកត្តាខាងក្រៅ និងភាពងាយរងគ្រោះក្នុងស្រុក រួមទាំងពីការផ្លាស់ប្តូរគោលនយោបាយដោយដៃគូពាណិជ្ជកម្មសំខាន់ៗ ការបែងចែកភូមិសាស្ត្រសេដ្ឋកិច្ច និងភាពទន់ខ្សោយបន្តនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ។


ជាចុងក្រោយ សម្ដេចមហាបវរធិបតី បានបន្ថែមថា ហានិភ័យ និងភាពមិនប្រាកដប្រជាកើតមានកាន់តែច្រើនឡើងៗ រួមមាន៖ ការកើនឡើងនូវគោលនយោបាយគាំពារនិយម និងសង្គ្រាម ពាណិជ្ជកម្ម ភាពតានតឹងនៃកត្តាភូមិសាស្ត្រសេដ្ឋកិច្ចដែលអាចបន្ទច់បង្អាក់ដល់ ច្រវាក់ផ្គត់ផ្គង់សកល និងនាំទៅដល់ការកើនថ្លៃទំនិញជាអន្តរជាតិ ការបែកខ្ញែក ភូមិសាស្ត្រសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរពីការប្រែប្រួល អាកាសធាតុ និងគ្រោះធម្មជាតិ។

 

អន្តរកាលនៃពហុវិបត្តិនេះ បានធ្វើឱ្យស្ថានភាព សេដ្ឋកិច្ចសកល និងតំបន់មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងមិនអាចរំពឹងទុកជាមុនបាន ហើយនឹងបង្កជាកម្មវិបាក ទាំងវិជ្ជមាន និងអវិជ្ជមាន ទាំងផ្ទាល់ និងប្រយោល ដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា ផងដែរ៕

 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ក្រុមការងាររាជរដ្ឋាភិបាល

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025