ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ក្រសួងទេសចរណ៍ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Pravinya ផ្តោតសំខាន់លើការអភិវឌ្ឍកម្មវិធី និងថ្នាលឌីជីថលសម្រាប់ប្រើប្រាស់នៅក្រសួងទេសចរណ៍ សំដៅជំរុញការងារលើកកម្ពស់វិស័យទេសចរណ៍កាន់តែប្រសើរ។
ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Pravinya ផ្តោតសំខាន់លើការអភិវឌ្ឍកម្មវិធី និងថ្នាលឌីជីថល សម្រាប់ប្រើប្រាស់នៅក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានលើកឡើងថា ការចុះអនុស្សរណៈនៃការយោគយល់នេះ គឺបានផ្តោតសំខាន់ទៅលើការចូលរួមបរិវត្តកម្មឌីជីថល ដែលសហការក្នុងការអភិវឌ្ឍកម្មវិធី និងថ្នាលឌីជីថលសម្រាប់ប្រើប្រាស់នៅក្រសួងទេសចរណ៍ ក៏ដូចជាការរៀបចំគេហទំព័រ Visit Cambodia.com និងកម្មវិធី App Visit Cambodia ដើម្បីឈានដល់ការដាក់ឱ្យដំណើរការនាពេលខាងមុខ។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Pravinya ក៏ធ្លាប់បានពិភាក្សាគ្នាពីគម្រោងដាក់ឱ្យអនុវត្តកម្មវិធី Visit Cambodia App ដើម្បីជំរុញភ្ញៀវទេសចរអន្តរជាតិមកកម្សាន្ត នៅប្រទេសកម្ពុជា ដែលកម្មវិធីនេះ មានអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ ដែលជាទេសចរអន្តរជាតិ មានដូចជា៖ កក់សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ តាក់ស៊ី ស្វែងរកទីតាំងតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា ស្នើសុំទិដ្ឋាការចូលកម្ពុជា ទូទាត់ថវិកាតាមប្រព័ន្ធអេឡិចត្រូនិក ដោយមានការភ្ជាប់ជាមួយ នឹងប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជាជាដើម។
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ មានក្តីរំពឹងថា តាមរយៈកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ជាមួយបណ្តាប្រទេសនានា និងក្រុមហ៊ុនឯកជននានា នឹងជួយវិស័យនេះ ឱ្យមានការកំណើនថែមទៀត។
សូមជម្រាបថា បើតាមរបាយការណ៍ពីក្រសួងទេសចរណ៍ដែលបានចេញផ្សាយ កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៥នេះ បានបង្ហាញឲ្យដឹងថា ក្នុងឆ្នាំ ២០២៤ កន្លងទៅនេះ កម្ពុជា បានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៦,៧ លាននាក់ កើនឡើង ២៣ % បើធៀបនឹងឆ្នាំ ២០២៣ ដោយក្នុងនោះ ភ្ញៀវទេសចរពេញនិយមបំផុត គឺមកពីប្រទេសថៃ វៀតណាម ចិន ឡាវ និងសហរដ្ឋអាមេរិក ព្រមទាំងប្រទេសផ្សេងទៀត ក្នុងទ្វីបអឺរ៉ុប៕
អត្ថបទ÷ ថុន សុកេតុមាលា រូបភាព÷ ឯកសារ