ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ក្នុងក្របខណ្ឌបំណុលសាធារណៈ នៅឆ្នាំ ២០២៥នេះ កម្ពុជា នឹងមានបំណុលសាធារណៈសរុបចំនួន ១៤ពាន់លានដុល្លារអាមេរិក បន្ទាប់ពីខ្ចីថវិកាពីដៃគូប្រមាណ ២,៧ពាន់លានដុល្លារ ក្នុងឆ្នាំនេះ។
នាឱកាស វេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា គិតត្រឹមបំណាច់ឆ្នាំ ២០២៤ កម្ពុជា មានបំណុលសាធារណៈសរុបចំនួន ១២ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ២៥% នៃផលិតផលក្នុងស្រុកសរុប ក្នុងនោះបំណុលសាធារណៈក្នុងប្រទេសមានចំនួន ១១៥លានដុល្លារអាម៉េរិក និងបំណុលក្រៅប្រទេសមានចំនួនជាង ១២ពាន់លានដុល្លារអាម៉េរិក។
ដោយឡែក នៅឆ្នាំ ២០២៥នេះ រាជរដ្ឋាភិបាល គ្រោងខ្ចីថវិកាពីដៃគូអភិវឌ្ឍន៍ផ្សេងៗប្រមាណ ២,៧ពាន់លានដុល្លារអាម៉េរិក ដើម្បីយកទៅអភិវឌ្ឍន៍លើ វិស័យអាទិភាពសំខាន់ៗ សម្រាប់គាំទ្រកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមឲ្យកាន់តែរីកចម្រើន ដែលនឹងធ្វើឲ្យទំហំបំណុលសាធារណៈនឹងកើនដល់ជាង ១៤ពាន់លានដុល្លារអាម៉េរិក នៅដំណាច់ឆ្នាំ ២០២៥នេះ។
យ៉ាងណា ឯកឧត្តម បានបញ្ជាក់ថា ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន និងស្ថិតក្នុងកម្រិតទាប បើធៀបនឹងអនុបាតគោលរបស់ ផសស ទោះបីជាតួលេខបំណុលកើនឡើងក៏ដោយ។
លើសពីនេះ វាជាឳកាសសម្រាប់កម្ពុជា ដែលនៅអាចខ្ចីថវិកាពីដៃគូអភិវឌ្ឍន៍ផ្សេងៗ បានក្នុងអត្រាការប្រាក់សម្បទានក្នុងកម្រិតទាប មុនពេលដែលកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ ២០២៩ខាងមុខ ដែលការខ្ចីប្រាក់ អាចនឹងមានអត្រាការប្រាក់ខ្ពស់ជាងបច្ចុប្បន្ន។
គួរជម្រាបថា ក្នុងការគ្រប់គ្រងបំណុលសាធារណៈ រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍គន្លឹះចំនួន ៥ រួមមាន៖
១. ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន,
២. ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់,
៣. ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម,
៤. ប្រើប្រាស់ឥណទានប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធិភាពខ្ពស់បំផុត, និង
៥.ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដារ និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី ពិសេសធានាបាននូវ ចីរភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត