ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
អ្នកវិភាគបានបញ្ជាក់ថា ពន្ធចុងក្រោយរបស់សហរដ្ឋអាមេរិក ដែលដំឡើងលើដែកថែប និងអាលុយមីញ៉ូម នឹងប៉ះពាល់ដល់អ្នកផលិតដែកវៀតណាម ហើយក៏មានផលប៉ះពាល់ដោយប្រយោលដល់ អ្នកនាំចេញនៃឧស្សាហកម្មផ្សេងទៀតផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។
វៀតណាម រួមជាមួយនឹងប្រទេសកាណាដា ម៉ិកស៊ិក ប្រេស៊ីល កូរ៉េខាងត្បូង ស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ដោយ ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធលើការនាំចូលអាលុយមីញ៉ូម និងដែកថែបទាំងអស់ ចាប់ពីថ្ងៃទី ៤ ខែមីនា នេះ។
ប្រទេសវៀតណាម បាននាំចេញដែកថែបមានតម្លៃ ១ពាន់ ១រយលានដុល្លារអាម៉េរិក ទៅសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០២៤ ដែលធ្វើឱ្យវាក្លាយជា អ្នកផ្គត់ផ្គង់ធំបំផុតទី ៨ ជាមួយនឹងអត្រាកំណើន ១៤០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣។
បើតាមក្រុមអ្នកវិភាគរបស់ធនាគារ HSBC បានលើកឡើងថា ប្រទេសវៀតណាម មានហានិភ័យពន្ធខ្ពស់បំផុតនៅក្នុងអាស៊ាន ដោយសារតែអតិរេកពាណិជ្ជកម្មដ៏ធំរបស់ខ្លួន ជាមួយនឹងសហរដ្ឋអាមេរិក។
ទិន្នន័យគយវៀតណាមបង្ហាញថា វៀតណាម បាននាំចេញ ១១២ពាន់លានដុល្លារ និងនាំចូល ១០ ពាន់លានដុល្លារពី សហរដ្ឋអាមេរិក កាលពីឆ្នាំមុន។អ្នកសង្កេតការណ៍ក៏មានការព្រួយបារម្ភផងដែរថា ពន្ធគយ នឹងបំផ្លាញអំណាចទិញរបស់សហរដ្ឋអាមេរិក ជំរុញអតិផរណា និងរារាំងដល់ការនាំចេញទំនិញជាច្រើនរបស់វៀតណាម បន្ថែមពីលើដែកថែប។
ជាចុងក្រោយ ប្រធានផ្នែកស្រាវជ្រាវសេដ្ឋកិច្ចអាមេរិកនៅក្រុមហ៊ុន Fitch Ratings បានបញ្ជាក់ថា ពន្ធនាពេលខាងមុខ អាចបណ្តាលឱ្យមានអតិផរណាខ្ពស់ និងបន្ថយល្បឿននៃការចំណាយអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក ជាពិសេសលើទំនិញប្រើប្រាស់បានយូរ ដែលទាំងនេះគឺជាទំនិញសំខាន់ៗដែលវៀតណាមដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ