ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដំឡើងពន្ធយ៉ាងច្រើនលើ ការនាំចូលដែកថែប និងអាលុយមីញ៉ូម ដល់កម្រិត ២៥% ដោយគ្មានករណីលើកលែង ហើយរំពឹងថា សកម្មភាពនេះ នឹងជួយដល់ ឧស្សាហកម្មដែលកំពុងជួបការលំបាកនៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើ សេចក្តីប្រកាសដែលបង្កើនអត្រាពន្ធរបស់សហរដ្ឋអាមេរិកលើ អាលុយមីញ៉ូមដល់ ២៥% កើនពីអត្រា ១០% និងលុបបំបាត់ការលើកលែង និងកិច្ចព្រមព្រៀងកូតាជាច្រើនទៀត សម្រាប់លោហៈទាំង ២ប្រភេទនេះ ហើយ វិធានការនេះនឹងចូលជាធរមាននៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥នេះ។
ពន្ធថ្មីនេះ នឹងអនុវត្តចំពោះការនាំចូលដែកថែប និងអាលុយមីញ៉ូមរាប់លានតោនពី ប្រទេសកាណាដា ប្រេស៊ីល ម៉ិកស៊ិក កូរ៉េខាងត្បូង និងប្រទេសផ្សេងទៀត ដែលពីមុន បានចូលមក សហរដ្ឋអាមេរិក ដោយមិនមានពន្ធ។
លោក ដូណាល់ ត្រាំ បានថ្លែងថា ការផ្លាស់ប្តូរនេះ នឹងសម្រួលដល់ការយកពន្ធលើលោហធាតុ ដើម្បីឱ្យមនុស្សគ្រប់គ្នា អាចយល់ច្បាស់ពីអត្ថន័យរបស់វា ពោលគឺ ២៥% ដោយគ្មានករណីលើកលែងទាំងអស់ មិនថាវាមកពីណា ប្រទេសណានោះទេ។
យ៉ាងណាមិញ លោក ត្រាំ បានបញ្ជាក់ថា លោកនឹងពិចារណាជាពិសេស ចំពោះសំណើរបស់ប្រទេសអូស្ត្រាលី សម្រាប់ការលើកលែងពន្ធលើដែកថែប ដោយសារឱនភាពពាណិជ្ជកម្មរបស់ប្រទេសនោះជាមួយសហរដ្ឋអាមេរិក។
ជាក់ស្តែង វិទ្យាស្ថានជាតិដែក និងដែកថែបអាមេរិក បានបង្ហាញថា ការនាំចូលដែកថែប មានប្រហែល ២៣% នៃការប្រើប្រាស់ដែកថែបរបស់អាមេរិក ក្នុងឆ្នាំ ២០២៣ ដោយមានកាណាដា ប្រេស៊ីល និងម៉ិកស៊ិក ជាអ្នកផ្គត់ផ្គង់ធំបំផុត។
ប្រទេសកាណាដា ក៏ជាអ្នកផ្គត់ផ្គង់អាលុយមីញ៉ូមសំខាន់របស់សហរដ្ឋអាមេរិក ដោយមានចំណែកដល់ទៅ ៨០% នៃការនាំចូលរបស់អាមេរិក ក្នុងឆ្នាំ ២០២៤។សូមជម្រាបថា ទិន្នន័យរបស់សហរដ្ឋអាមេរិក បានបង្ហាញថា រោងចក្រចម្រាញ់អាលុយមីញ៉ូមផលិតបានត្រឹមតែជិត ៧សែនតោននៃលោហៈនេះ កាលពីឆ្នាំ ២០២៤ ពោលគឺធ្លាក់ចុះពី ៣លាន ៧សែនតោន ក្នុងឆ្នាំ ២០០០ ហើយការបិទរោងចក្រក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានធ្វើឱ្យ អាមេរិក ពឹងផ្អែកខ្លាំងលើការនាំចូល៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ