ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥

Selena Gomez រងការរិះគន់ក្រោយចេញវីដេអូយំសោកអាណិតជនអន្តោប្រវេសន៍

៣០ មករា ២០២៥ | កម្សាន្ដ

 

តារាចម្រៀងនិងសម្ដែង Selena Gomez បានរងមតិរិះគន់ជាច្រើនបន្ទាប់ពីរូបនាងបានចេញវីដេអូយំសោកជុំវិញការអនុវត្តផែនការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់របស់ប្រធានាធីបតី Donald Trump។

 


តារាស្រីសិចស៊ី Selena Gomez បានសម្រក់ទឹកភ្នែកបន្ទាប់ពីឃើញមនុស្សជិត ១ ពាន់នាក់ត្រូវបានចាប់ខ្លួនក្នុងរយៈពេល ៣ ថ្ងៃនៅទីក្រុងធំៗក្នុងសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការវាយឆ្មក់អនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ។

 


តាមរយៈវីដេអូបង្ហោះលើគណនី Instagram ដែលក្រោយមកនាងបានលុបចោលវិញ Selena បានយំនិងរៀបរាប់ថា៖ "ខ្ញុំសោកស្ដាយណាស់ មនុស្សរបស់ខ្ញុំទាំងអស់ត្រូវរងការវាយប្រហារ មានទាំងក្មេងៗទៀត។ ខ្ញុំមិនយល់ទេ ខ្ញុំសុំទោសដែលខ្ញុំចង់ធ្វើអ្វីមួយ ប៉ុន្តែខ្ញុំមិនអាចធ្វើបាន ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងណាទេ ខ្ញុំនឹងព្យាយាមគ្រប់យ៉ាង” និងបានដាក់ Caption វីដេអូជា emoji រូបទង់ជាតិម៉ិកស៊ិក ព្រមជាមួយពាក្យថា៖ "ខ្ញុំសុំទោស"។

 


តាមរយៈការបង្ហោះវីដេអូខាងលើ តារាស្រីវ័យ ៣២ ឆ្នាំរូបនេះបានជួបនឹងប្រតិកម្មយ៉ាងខ្លាំងពីអ្នកគាំទ្រលោក Trump ដោយមតិខ្លះនិយាយនាងថាជាមនុស្សពូកែសម្តែង មតិខ្លះក៏បណ្ដេញឱ្យនាងចេញពីអាមេរិកតាមជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះទៅ។ បន្ទាប់ពីលុបឃ្លីបនោះចោល នាងបានសរសេរនៅលើ Instagram Story ថា៖ “មើលទៅ វាមិនអូខេទេក្នុងការបង្ហាញការអាណិតមនុស្សដូចគ្នា”។

 


បច្ចុប្បន្នមានសញ្ជាតិអាមេរិក Selena Gomez បានកើតក្នុងរដ្ឋតិចសាស ខណៈឪពុករបស់នាងមានដើមកំណើតម៉ិកស៊ិក ដោយគ្រួសាររបស់នាងបានចាកចេញពីប្រទេសម៉ិកស៊ិកមករស់នៅសហរដ្ឋអាមេរិកក្នុងជំនាន់តាយាយរបស់នាង។

 

 

ទោះបីជាបានឆ្លងព្រំដែនមកដោយខុសច្បាប់ ប៉ុន្តែ Selena Gomez អះអាងថាគ្រួសាររបស់នាងខិតខំធ្វើការយ៉ាងខ្លាំងដើម្បីទទួលបានសញ្ជាតិអាមេរិក។ ក្នុងបទសម្ភាសជាមួយទស្សនាវដ្ដី Time កាលពីឆ្នាំ២០១៩ នាងបាននិយាយថា នាងទទួលស្គាល់ថាការអនុវត្តច្បាប់ពិតជាសំខាន់ ប៉ុន្តែជនអន្តោប្រវេសន៍ក៏បានចូលរួមចំណែកកសាងប្រទេសដូចគ្នា ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025