ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥

Lady Gaga ប្រកាសចេញអាល់ប៊ុមថ្មីក្នុងខែមីនា ក្រោយចំណាយពេលថត ២ឆ្នាំ

២៨ មករា ២០២៥ | កម្សាន្ដ

 

តារាចម្រៀងអាមេរិក Lady Gaga បានប្រកាសចេញអាល់ប៊ុមចម្រៀងប៉ុបថ្មីមួយនៅថ្ងៃទី៧ ខែមីនាខាងមុខនេះ ក្រោយចំណាយពេលថតអស់រយៈពេល ២ឆ្នាំ។តារាចម្រៀងវ័យ ៣៨ឆ្នាំ Laday Gaga បានចែករំលែកតាមរយៈបណ្ដាញសង្គមរបស់ខ្លួនកាលពីយប់ថ្ងៃទី២៧ ខែមករា អំពីអាល់ប៊ុមថ្មីរបស់ខ្លួនមានចំណងជើងថា “Mayhem” (ម៉េហេម) ដែលនឹងជាអាល់ប៊ុមចម្រៀងបែបប៉ុបដំបូងរបស់នាង គិតចាប់តាំងពីអាល់ប៊ុម “Chromatica” (ក្រូម៉ារីខា) បានចេញតាំងពីឆ្នាំ២០២០។

 


ចំណាយពេលថតតាំងពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៤ អាល់ប៊ុមថ្មី “Mayhem” នឹងមានបទចម្រៀងចំនួន ១៤ បទ ដោយក្នុងនោះរួមមានបទចម្រៀងដែលបានចេញផ្សាយរួចចំនួន ២ គឺបទ “Die with a Smile” និងបទ “Disease”។ 

 

 

សម្រាប់អាល់ប៊ុមនេះ Gaga ក៏មានតួនាទីជាផលិតករប្រតិបត្តិ​ រួម​ជាមួយ​នឹង​គូដណ្តឹង​របស់​នាងគឺ Michael Polansky (ម៉ាយឃើល ផូលេនស្គី) និងផលិតករតន្ត្រី Andrew Watt (អេនឌ្រូ វ៉ត)។

 


​បញ្ជី​បទចម្រៀងទាំងអស់សម្រាប់​អាល់ប៊ុម​ថ្មី​នេះ​មិនទាន់ត្រូវបានបញ្ចេញទេ តែយ៉ាងណា បទចម្រៀងទី ៣ នឹងត្រូវចេញផ្សាយក្នុងកម្មវិធី Grammy Awards នៅថ្ងៃទី ២ ខែកុម្ភៈ។

 


កាលពីឆ្នាំមុន តួឯកស្រី “Joker” វគ្គ២រូបនេះធ្លាប់បានចែករំលែកដោយទទួលស្គាល់ថា ក្នុងវ័យ ៣៨ឆ្នាំ នាងពិតជាមានភាពភ័យខ្លាចក្នុងការវិលត្រលប់មកវិស័យចម្រៀងប៉ុបវិញ ប៉ុន្តែទោះយ៉ាងណា​នាងនៅតែចង់បន្តធ្វើជាសំឡេងមួយសម្រាប់សហគមន៍នារី។

 

 

ទន្ទឹមនោះ Lady Gaga ក៏បានបង្ហើបអំពីបំណងចង់បង្កើតគ្រួសារជាមួយគូដណ្ដឹង គឺអ្នកជំនួញផ្នែកបច្ចេកវិទ្យាលោក Michael Polansky (ម៉ាយឃើល ផូលេនស្គី) ក្នុងពេលឆាប់ៗនេះដែរ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025