ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥

តារាល្បីៗចម្រុះជាតិសាសន៍ចូលរួមកម្មវិធីបង្ហាញម៉ូដរដូវរងារបស់ Dior

២៧ មករា ២០២៥ | កម្សាន្ដ

 

តារាល្បីៗចម្រុះជាតិសាសន៍បានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីបង្ហាញម៉ូដរដូវរងារបស់ម៉ាក Dior ដែលរៀបចំឡើងនៅទីក្រុងប៉ារីសកាលពីចុងសប្ដាហ៍កន្លងទៅ។នាយកផ្នែកម៉ូដសម្លៀកបំពាក់បុរសរបស់ Dior គឺលោក Kim Jones (ឃីម ចូនស៍) បានបង្ហាញនូវ Collection សម្លៀកបំពាក់ស្ទីល minimal បំផុតសម្រាប់កម្មវិធីបង្ហាញម៉ូដរដូវរងាឆ្នាំ ២០២៥ និង ២០២៦ ដែលមានដូចជាអាវធំ អាវស្បែក អាវចាក់ និងអាវដៃវែងម៉ូដចម្រុះ។

 

 

 

រៀបចំឡើងក្នុងបន្ទប់ដ៏ស្រឡះមួយនៅឯអគារ Ecole Militaire (អ៊ីកូល មីលីទែ) កណ្តាលទីក្រុងប៉ារីស កម្មវិធីនេះបានចាប់ផ្តើមជាមួយនឹងឈុតពណ៌ខ្មៅសុទ្ធ និងបន្តដោយពណ៌បែបស្រាលៗ ដោយតារាម៉ូដែលប្រុសចម្រុះជាតិសាសន៍បានចុះតាមជណ្ដើរពណ៌សមកកាន់ឆាក ខណៈអ្នកខ្លះមានខ្សែបូរចងភ្នែក។

 

 

 

កម្មវិធីនេះបានទាក់ទាញទស្សនិកជនជាច្រើនជាពិសេសក្រុមអ្នកគាំទ្រសិល្បករដែលបានចូលរួមជាភ្ញៀវកិត្តិយសនិងអង្គុយទស្សនាជួរមុខរួមមានតារាចិន Karry Wang (ខារី វ៉ាង) និង Jay Chou (ជេ ឆូ) តារាស្រីកូរ៉េ Han So Hee តារាអង់គ្លេស Joe Alwyn (ចូ អាល់វីន) និង Finnegan Oldfield (ហ្វីណេហ្កេន អូលហ្វៀល) ផលិតករតន្ត្រីបារាំង DJ Snake និងអ្នកលេងព្យ៉ាណូ Lang Lang ជាដើម។

 

 

 

គួរបញ្ជាក់ថា កម្មវិធីបង្ហាញម៉ូដនេះដែរគឺជាផ្នែកមួយនៃព្រឹត្តិការណ៍សប្តាហ៍ម៉ូតសំលៀកបំពាក់បុរសនៅទីក្រុងប៉ារីស ដែលបានបិទបញ្ចប់កាលពីថ្ងៃទី២៦ ខែមករា។នៅទូទាំងពិភពលោក ស្លាកយីហោប្រណិតជាច្រើនរួមទាំង Dior កំពុងប្រឈមមុខនឹងការធ្លាក់ចុះការលក់សម្រាប់ទំនិញសម្លៀកបំពាក់ និងគ្រឿងប្រើប្រាស់ ជាពិសេសទីផ្សារប្រទេសចិនដែលជាទីផ្សារធំមានការធ្លាក់ចុះគួរឱ្យបារម្ភ ស្របពេលក្តីសង្ឃឹមត្រូវបានផ្ញើលើទីផ្សារសហរដ្ឋអាមេរិកដែលនៅមានកំណើននៅឆ្នាំនេះ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025