ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥

អាល់ប៊ុមពីក្រុមខេប៉ុបក្លាយជាអាល់ប៊ុមលក់ដាច់ច្រើនបំផុតនៅអាមេរិក

១៧ មករា ២០២៥ | កម្សាន្ដ

ក្រុមចម្រៀង K-pop ដូចជា Stray Kids, Enhypen និង Ateez បាននាំមុខការលក់ស៊ីឌីនៅ សហរដ្ឋអាមេរិកសម្រាប់រយៈពេលមួយឆ្នាំចុងក្រោយ បើយោងតាមរបាយការណ៍ឧស្សាហកម្មតន្ត្រីរបស់សហរដ្ឋអាមេរិក។

 


ក្រុមហ៊ុនតាមដានទិន្នន័យតន្ត្រី Luminate បានឱ្យដឹងតាមរយៈរបាយការណ៍ឆ្នាំ២០២៤ ដែលចេញផ្សាយកាលពីថ្ងៃទី១៦ ខែមករាថា អាល់ប៊ុម K-pop ចំនួនប្រាំពីរបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមស៊ីឌីចម្រៀងលក់ដាច់បំផុតទាំង ១០ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំកន្លងទៅ។

 


ក្នុងនោះ បន្ទាប់ពីអាល់ប៊ុម "Tortured Poets Department" របស់ Taylor Swift ដែលបានគ្រងចំណាត់ថ្នាក់លេខ១ ជាមួយការលក់បានខ្ពស់ដាច់គេដល់ ១,៥ លានបន្ទះ ចំណាត់ថ្នាក់ទី២គឺបានទៅអាល់ប៊ុម "Ate" (អ៊េត)  របស់ក្រុមចម្រៀងខេប៉ុប Stray Kids ដែលលក់បាន ៤៤ ម៉ឺនបន្ទះ ស្របពេលអាល់ប៊ុម "Romance: Untold" របស់ក្រុមចម្រៀង Enhypen (អ៊ិនហាយភិន) បានជាប់ចំណាត់ថ្នាក់ទីបី ដោយលក់បាន ៣៦ ម៉ឺនបន្ទះ។

 


អាល់ប៊ុមពីក្រុម Stray Kids មួយទៀតមានចំណងជើងថា “Hop” បានជាប់ចំណាត់ថ្នាក់លេខ ៥ ដោយលក់បាន ២៤ ម៉ឺនបន្ទះ។ ក្រុមដែលមានអាល់ប៊ុមចំនួន ២ បានជាប់ Top Ten ដែរគឺក្រុម ATEEZ ដោយអាល់ប៊ុមទាំង ២ របស់ពួកគេដែលចេញកាលពីឆ្នាំមុនរួមមានអាល់ប៊ុម "Golden Hour: Part. 1" បានជាប់ចំណាត់ថ្នាក់លេខ ៤ ដោយលក់បាន ២៥ ម៉ឺនបន្ទះ ហើយអាល់ប៊ុមទី២គឺ "Golden Hour: Part. 2" បានជាប់ចំណាត់ថ្នាក់លេខ ៧ ដោយលក់បាន ២២ ម៉ឺនបន្ទះ។

 


អាល់ប៊ុមខេប៉ុប ២ ទៀតដែលបានជាប់គឺអាល់ប៊ុម "minisode 3: Tomorrow" របស់ក្រុម TXT បានជាប់ចំណាត់ថ្នាក់លេខ ៦ ដោយលក់បាន ២៤ ម៉ឺនបន្ទះ ខណៈអាល់ប៊ុម "With YOU-th" របស់ក្រុមនារី TWICE (ថ្វាយស៍) បានជាប់ចំណាត់ថ្នាក់លេខ ៩ ដោយលក់បាន ៩ ម៉ឺនបន្ទះនៅសហរដ្ឋអាមេរិក ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025