ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ពេលនេះពលរដ្ឋមូលដ្ឋានជិត១៥ម៉ឺននាក់បានចុះហត្ថលេខាលើញត្តិមួយតាមអ៊ីនធឺណិតដើម្បីទាមទារឱ្យអភិបាលក្រុងឡូសអេនជឺឡេសគឺលោកស្រី ខារ៉េន បាស ចុះចេញពីតំណែងភ្លាមៗដោយសារខ្វះសមត្ថភាពទាំងស្រុងក្នុងការដឹកនាំ និងគ្រប់គ្រងភ្លើងឆេះព្រៃដ៏សាហាវនៅក្នុងតំបន់នេះ។
ញត្តិដែលធ្វើតាមគេហទំព័រ Change.org នេះបានចោទលោកស្រី បាស ថាបានដោះស្រាយភ្លើងព្រៃមិនបានត្រឹមត្រូវ ហើយថា លោកស្រីមិនបានស្ថិតក្នុងប្រទេសទេ នៅពេលភ្លើងព្រៃបានចាប់ផ្ដើមឆេះលើកដំបូង។
ញត្តិនេះបាននិយាយថា បន្ទាប់ពីមានគ្រោះមហន្តរាយភ្លើងព្រៃនេះហើយ ទីក្រុងឡូសអេនជឺឡេសបានកើតមានវិបត្តិជាច្រើនរួមមានការដាច់ប្រព័ន្ធផ្គត់ផ្គង់ទឹកធ្ងន់ធ្ងរ ការចំណាយមិនចំគោលដៅ ការបាត់បង់ជីវិតមនុស្សសត្វ ការរត់ចោលលំនៅឋាន ការបំផ្លិញបំផ្លាញផ្ទះសម្បែង និងការបាត់បង់មុខរបរចិញ្ចឹមជីវិតទៀតផង។ ញត្តិនេះបានបន្ថែមថា ខណៈដែលពលរដ្ឋកំពុងតែរងគ្រោះដោយភ្លើងព្រៃ លោកស្រីអភិបាលក្រុងបែរជាធ្វើទស្សនកិច្ចនៅប្រទេសហ្កាណាទៅវិញ ដោយទុកឱ្យពលរដ្ឋរបស់លោកស្រីរងទុក្ខតែម្នាក់ឯង។ ញត្តិនេះបានបន្ថែមទៀតថា ទោះជាមានការខិតខំមិនចេះនឿយហត់ក្នុងការពន្លត់ភ្លើងព្រៃដំបូងក៏ដោយ ប៉ុន្តែទីក្រុងនេះមិនបានត្រៀមខ្លួនដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់ពលរដ្ឋមូលដ្ឋាននោះឡើយ ខណៈធនធានមូលដ្ឋានដូចជាសេវាទឹក និងសេវាសង្គ្រោះបន្ទាន់ជាដើមនៅមិនទាន់គ្រប់គ្រាន់ ហើយថ្នាក់ដឹកនាំមិនបានបង្ហាញវត្តមានតាមតម្រូវការពលរដ្ឋឡើយ។
សូមរំលឹកថា គិតត្រឹមថ្ងៃពុធ ភ្លើងព្រៃនេះបានសម្លាប់មនុស្សយ៉ាងតិច២៥នាក់ និងបានបំផ្លាញសំណង់ជាង១ម៉ឺន២ពាន់កន្លែង ខណៈមនុស្សយ៉ាងតិច២០នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន