ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥

សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាលើឥណទាន ៥០លានដុល្លា ដើម្បីជួយក្នុងវិស័យ-ស្រូវអង្ករ

១៧ មករា ២០២៥ | សេដ្ឋកិច្ច

 

ថ្លែងក្នុងសន្និសិទ្ធសារព័ត៌មាន ស្តីពីស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ លោក ណូ លីដា អគ្គនាយកនៃសារជីវកម្មធានាឥណទានកម្ពុជា បានលើកឡើងថា សាជីវកម្មធានាឥណទានកម្ពុជា (CGCC) គ្រោងបង្កើនទំហំនូវទឹកប្រាក់ធានាឥណទានក្នុងវិស័យស្រូវអង្ករ រហូតដល់ ៥០លានដុល្លារ នៅឆ្នាំ ២០២៥ ដើម្បីចូលរួមរក្សាតម្លៃស្រូវ និងគាំទ្រនូវការអភិវឌ្ឍវិស័យស្រូវអង្ករនៅកម្ពុជា។

 


ក្នុងឱកាសនោះ អគ្គនាយកនៃសារជីវកម្មធានាឥណទានកម្ពុជា បានបន្តថា សាជីវកម្មធានាឥណទានកម្ពុជា បានធានារ៉ាប់រងរហូតដល់ ៨០% នៃប្រាក់កម្ចីរបស់សហគ្រាសខ្នាតតូច និងមធ្យម ខណៈរាជរដ្ឋាភិបាល រំពឹងថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នឹងអាចមានលទ្ធភាពច្រើនជាងមុន ក្នុងការបញ្ចេញឥណទានតាមតម្រូវការជូនទៅដល់សហគ្រាសខ្នាតតូច និងមធ្យម ដែលរួមមានក្នុងវិស័យស្រូវអង្ករផងដែរ ដែលមានសក្ដានុពល ប៉ុន្តែគាត់ខ្វះទ្រព្យធានា ឬហានិភ័យកម្រិតណាមួយ ដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនអាចរ៉ាប់រងបាន ដូច្នេះរាជរដ្ឋាបាលតាមរយៈ CGCC នឹងចូលខ្លួនមក ជួយធានាទៅលើឥណទានរបស់សហគ្រាសខ្នាតតូច និងមធ្យម។

 

 


អគ្គនាយកនៃសារជីវកម្មធានាឥណទានកម្ពុជា បានគូសបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា បានផ្តល់ការធានាលើកម្ចីអាជីវកម្មដល់សហគ្រាសខ្នាតមីក្រូតូច និងមធ្យម(MSMEs) ចំនួនជាង ៣០០០ គណនី ស្មើនឹងទំហំទឹកប្រាក់ឥណទានចំនួន ២៥៦,៥៨ លានដុល្លារ ក្នុងនោះ វិស័យស្រូវអង្ករត្រូវបានចាត់ទុកថា ជាវិស័យអាទិភាព ដែលគិតត្រឹមដំណាច់ឆ្នាំ ២០២៤ មានសហគ្រាសខ្នាតមីក្រូតូច និងមធ្យម ចំនួន ១៣៧ គណនី ត្រូវបានធានា គិតជាទំហំទឹកប្រាក់ប្រមាណជាង ៣០លានដុល្លារ។

 

 


សូមជម្រាបថា កាលពីខែឧសភា ឆ្នាំ ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា បានដាក់ចេញនូវគម្រោងជាក់លាក់មួយដើម្បីជំរុញការនាំចេញស្រូវ-អង្កររបស់កម្ពុជា ដែលយើងហៅថា គម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករក្នុងជំហានទី១ ដែលមានទឹកប្រាក់ទំហំដំបូងចំនួន ៣០លានដុល្លារ ដែលមានស្ថាប័នហិរញ្ញវត្ថុចូលរួមចំនួន ៧ ខណៈឥណទានចំនួនជាង ២០លានដុល្លារ ត្រូវបានបញ្ចេញរួចហើយ រហូតមកដល់ពេលនេះ៕

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ+ សុខ ពិសិដ្ឋ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025