ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ប្រទេសថៃ និងឥណ្ឌា បានបង្ហាញពីគម្រោងបង្កើតគណៈកម្មាធិការពាណិជ្ជកម្មរួម រវាងប្រជាជាតិទាំង ២ ដើម្បីកាត់បន្ថយរបាំងពាណិជ្ជកម្ម និងបង្កើនការវិនិយោគ។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះ ដោយសារព័ត៌មានក្នុងស្រុកថៃ។ បន្ទាប់ពីជំនួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសថៃ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានបញ្ជាក់ថា កិច្ចពិភាក្សាដើម្បីបង្កើត គណៈកម្មាធិការពាណិជ្ជកម្មរួម ត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ខែខាងមុខ។
កិច្ចប្រជុំនេះ នឹងអនុញ្ញាតឱ្យភាគីទាំងពីរ ដោះស្រាយបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគកម្រិតគោលនយោបាយយ៉ាងទូលំទូលាយ គ្របដណ្តប់លើទំនិញ សេវាកម្ម និងការវិនិយោគ។បន្ថែមពីលើនេះ ប្រទេសថៃ បានជំរុញឱ្យប្រទេសឥណ្ឌា ពន្លឿនដំណើរការអនុម័តលើ វិញ្ញាបនប័ត្រសម្រាប់ផលិតផលនាំចេញសំខាន់ៗរបស់ថៃ ដូចជា ម៉ាស៊ីនត្រជាក់ បន្ទះប្លាស្ទិក និងឈើជាដើម។
ប្រទេសថៃ ក៏បានស្នើសុំការអនុម័តអាជ្ញាប័ណ្ណនាំចូលលឿនជាងមុន សម្រាប់សំបកកង់កៅស៊ូ និងទូរទស្សន៍។តួយ៉ាង ឥណ្ឌា គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់ថៃ នៅអាស៊ីខាងត្បូង ដោយក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីមានចំនួនសរុប ១៥ពាន់លានដុល្លារអាមេរិក កើនឡើង ៦%។
ការនាំចេញរបស់ថៃ ទៅកាន់ប្រទេសឥណ្ឌា មានតម្លៃ ១០ពាន់លានដុល្លារ ជាមួយនឹងផលិតផលសំខាន់ៗ រួមមានគ្រាប់ប្លាស្ទិក សារធាតុគីមី បន្លែ និងប្រេងសត្វ ត្បូង និងគ្រឿងអលង្ការ និងផលិតផលដែក។ការនាំចូលពីប្រទេសឥណ្ឌា មានទំហំទឹកប្រាក់ជាង ៥ពាន់លានដុល្លារ ដោយមានវត្ថុសំខាន់ៗរួមមាន ត្បូង និងគ្រឿងអលង្ការ គ្រឿងចក្រ និងសមាសធាតុ គីមី រុក្ខជាតិ និងរ៉ែលោហធាតុ។
ជាចុងក្រោយ ភាគីថៃ បានបញ្ជាក់ថា ប្រទេសថៃ បានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រ និងសហការយ៉ាងពេញលេញលើ ការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន-ឥណ្ឌា ដែលបានធ្វើបច្ចុប្បន្នភាពនៅឆ្នាំ ២០២៥ តាមគោលដៅដែលបានកំណត់ ខណៈភាគីទាំងពីរ ក៏បានពិចារណាផងដែរអំពី ការផ្តល់អាទិភាពលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថៃ-ឥណ្ឌា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគឱ្យស្របតាមសក្តានុពលសេដ្ឋកិច្ចពេញលេញរបស់ពួកគេ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ