ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ប្រទេសវៀតណាម បានចំណាយប្រាក់នាំចូលទុរេនប្រមាណ ១១លានដុល្លារអាម៉េរិក ដែលភាគច្រើនមកពីប្រទេសថៃ និងម៉ាឡេស៊ី ក្នុងរយៈពេល ១១ខែ កាលពីឆ្នាំ ២០២៤ ដោយតួលេខនេះ មានការកើនឡើង ៦ដង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។
អគ្គលេខាធិការនៃសមាគមបន្លែ និងផ្លែឈើវៀតណាម បានគូសបញ្ជាក់ថា វៀតណាម បានចំណាយប្រាក់នាំចូលទុរេនប្រមាណ ១១លាន ៨សែនដុល្លារអាម៉េរិក ក្នុងរយៈពេល ១១ខែ កាលពីឆ្នាំ ២០២៤ ដោយតួលេខនេះ មានការកើនឡើង ៦ដង ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២៣ ហើយទុរេនភាគច្រើន នាំចូលមកពី ប្រទេសថៃ និងម៉ាឡេស៊ី។
ជាក់ស្តែង ក្នុងខែវិច្ឆិកាតែមួយ វៀតណាម បានចំណាយប្រាក់ ៣លានដុល្លារលើការនាំចូលទុរេន ដែលកើនឡើង ១១ដង ធៀបនឹងឆ្នាំមុន។ប្រទេសវៀតណាម បានទិញទុរេនតូចៗមកពីប្រទេសថៃ ដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់ អ្នកប្រើប្រាស់ចំណូលមធ្យម។
ទន្ទឹមនឹងនោះ ទុរេនកក មកពីប្រទេសម៉ាឡេស៊ី ត្រូវបានគេកោតសរសើរយ៉ាងខ្លាំងចំពោះគុណភាព ហើយជារឿយៗត្រូវបាននាំចូល ដើម្បីផលិតនំពិសេស។
យ៉ាងណាមិញ ការកើនឡើងនៃការនាំចូល មិនបានគ្របដណ្ដប់លើសមិទ្ធិផលនាំចេញទុរេនរបស់វៀតណាមទេ។
ក្នុងឆ្នាំ ២០២៤ ការនាំចេញទុរេនរបស់ប្រទេសវៀតណាម បានកើនឡើងដល់ ៣,៣ពាន់លានដុល្លារ កើនឡើងជាង ១ពាន់លានដុល្លារបើធៀបនឹងឆ្នាំមុន។
សូមជម្រាបថា វៀតណាម មានបំណងបង្កើនការនាំចេញទុរេនដល់ ៣,៥ពាន់លានដុល្លារ នៅឆ្នាំ ២០២៥នេះ រួមចំណែកដល់គោលដៅនាំចេញបន្លែផ្លែឈើសរុប ៨ពាន់លានដុល្លារ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ