ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥

លោក បៃដិន ព្រមានអំពីការប្រឈមមុខនឹងរបបផ្ដាច់ការក្នុងពេលលោក ត្រាំ ឡើងកាន់អំណាច 

ថ្លែងក្នុងសុន្ទរកថាមួយកាលពីថ្ងៃពុធ លោក បៃដិន បានបើកសុន្ទរកថារបស់លោកដោយសុំឱ្យជនជាតិអាម៉េរិកចូលរួបរួមគ្នា ប៉ុន្តែលោកក៏បានព្រមានឱ្យប្រយ័ត្នចំពោះការប្រមូលផ្តុំទៅដោយក្រុមអ្នកមានទ្រព្យសម្បត្តិដ៏គ្រោះថ្នាក់នៅក្នុងជួររដ្ឋាភិបាលអាម៉េរិកផងដែរ។ លោកបានបន្ថែមថា ប្រព័ន្ធបែងចែកអំណាច ការត្រួតពិនិត្យ និងតុល្យភាពរបស់អាម៉េរិកប្រហែលជាមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែវាបានរក្សាលទ្ធិប្រជាធិបតេយ្យនៅអាម៉េរិករយៈពេលជិត២៥០ឆ្នាំមកហើយ គឺវាយូរជាងបណ្ដាប្រទេសផ្សេងទៀតក្នុងប្រវត្តិសាស្ត្រដែលធ្លាប់បានសាកល្បងធ្វើបែបនេះទៅទៀត។ ប៉ុន្តែលោកបានព្រមានអំពីបរិបទឧស្សាហកម្មបច្ចេកវិទ្យាដែលកំពុងនាំមកនូវការបំផ្លិចបំផ្លាញតាមរយៈព័ត៌មានមិនពិត និងក្លែងក្លាយ ដែលធ្វើឱ្យមានការរំលោភបំពានអំណាច ហើយថា សារព័ត៌មានសេរីកំពុងខូចខាតហើយ។

 

 

លោក បៃដិន នឹងប្រគល់អំណាចទៅឱ្យលោក ត្រាំ នៅថ្ងៃចន្ទ ទី២០ ខែមករា ហើយលោក ត្រាំ បានចុះឈ្មោះមហាសេដ្ឋីលោក អេឡិន ម៉ាស ដែលបានជួយខ្នះខ្នែងក្នុងការបោះឆ្នោតរបស់លោកឱ្យធ្វើជាទីប្រឹក្សាពិសេសរបស់លោក។ សុន្ទរកថាខាងលើនេះបានធ្វើឡើងនៅពេលគណបក្សប្រជាធិបតេយ្យរបស់លោក បៃដិន កំពុងធ្លាក់ចុះឥទ្ធិពលនៅក្នុងនយោបាយជាតិ ហើយលោក ត្រាំ បានតែងតាំងសមាជិក   គណៈរដ្ឋមន្ត្រីដែលបានសន្យាថានឹងគោរពសម្ពន្ធភាពប្រពៃណី និងបទដ្ឋានគ្រប់គ្រងរបស់អាម៉េរិក។ សូមរំលឹកថា លោក បៃដិន បានឈ្នះការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០២០ដោយបានឈ្នះលោក ត្រាំ ហើយលោកក៏បានប៉ុនប៉ងឈរឈ្មោះបោះឆ្នោតម្ដងទៀតក្នុងអាយុ៨០ឆ្នាំដោយជឿថាគឺមានតែលោកទេដែលអាចឈ្នះលោក ត្រាំ ប៉ុន្តែក្រោយមកលោកក៏បោះបង់ការសម្រេចចិត្តនោះចោលវិញ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025