ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥

រាជរដ្ឋាភិបាលកម្ពុជា បោះផ្សាយលក់មូលបត្ររដ្ឋជាង ៥០០ពាន់លានរៀល សម្រាប់ឆ្នាំ ២០២៥

១៦ មករា ២០២៥ | សេដ្ឋកិច្ច

 

នៅក្នុងឆ្នាំ ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងបោះផ្សាយលក់មូលបត្ររដ្ឋប្រមាណ ៥០០ពាន់លានរៀល ឬប្រមាណជាង ១២០លានដុល្លារអាមេរិក តាមរយៈការដេញថ្លៃនៅលើថ្នាលរបស់ ធនាគារជាតិនៃកម្ពុជា។ នេះបើយោងតាម សេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 

 

នៅក្នុងឆ្នាំ ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងបោះផ្សាយលក់មូលបត្ររដ្ឋចំនួន ១២លើក សរុបប្រមាណជាង ១២០លានដុល្លារអាមេរិក ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។

 


ប្រភេទមូលបត្រ ដែលគ្រោងបោះផ្សាយមាន ៦ប្រភេទ គឺប្រភេទឥណប្រតិទាន ១ឆ្នាំ, ឥណប្រតិទាន ២ឆ្នាំ, ឥណប្រតិទាន ៣ឆ្នាំ, ឥណប្រតិទាន ៥ឆ្នាំ, ឥណប្រតិទាន ១០ឆ្នាំ និងឥណប្រតិទាន ១៥ឆ្នាំ ដោយប្រភេទមូលបត្រនីមួយៗ នឹងត្រូវបោះផ្សាយ ២ដង។

 


ទន្ទឹមគ្នានេះ ប្រភេទឥណប្រតិទាន ១ឆ្នាំ ក្រសួងសេដ្ឋកិច្ច គ្រោងបោះផ្សាយក្នុងទំហំ ១៦០-២០០ពាន់លានរៀល ដោយចាប់ផ្តើមបោះលើកទី១ នៅថ្ងៃទី២២ ខែមករា និងលើកទី២ នៅថ្ងៃទី២៣ ខែមេសា។

 


បើតាមក្រសួងសេដ្ឋកិច្ច ប័ណ្ណមួយមានតម្លៃចារឹក ១លានរៀល ដែលជាអត្រាគូប៉ុង «ថេរ» ដោយនឹងត្រូវទូទាត់រៀងរាល់ ៦ខែម្តង គិតចាប់ពីថ្ងៃបោះផ្សាយ។សម្រាប់ព័ត៌មានលម្អិតនៃ ការបោះផ្សាយលក់មូលបត្ររដ្ឋមួយលើកៗ និងលទ្ធផលស្តីពីការដេញថ្លៃមូលបត្ររដ្ឋ នឹងមានផ្សព្វផ្សាយលើបណ្តាញសង្គមសារព័ត៌មានផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025