ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
រាជរដ្ឋាភិបាលថៃ បានលើកឡើងថា ប្រទេសថៃ បានទាក់ទាញប្រមាណ ៣២ពាន់លានដុល្លារអាមេរិក ពីការដាក់ពាក្យសុំវិនិយោគរបស់វិនិយោគិន ក្នុងឆ្នាំ ២០២៤នេះ។ នេះបើយោងតាម សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃនេះ។ក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃ បញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៤ តម្លៃនៃពាក្យសុំវិនិយោគសរុប បានកើនឡើង ៣៥% ដល់ជាង ៣២ពាន់លានដុល្លារអាមេរិក។
ចាប់ពីខែមករាដល់ខែធ្នូ ពេញមួយឆ្នាំ ២០២៤ ចំនួនសរុបនៃពាក្យសុំជំរុញការវិនិយោគ បានកើនឡើង ៤០% ដល់ជាង ៣ពាន់គម្រោង ធៀបនឹងឆ្នាំ ២០២៣។
សិង្ហបុរី បាននាំមុខគេក្នុងចំណាត់ថ្នាក់ប្រភពវិនិយោគផ្ទាល់ពីបរទេស ជាមួយនឹងគម្រោងចំនួន ៣០៥ ដែលភាគច្រើននៅក្នុងសេវាកម្មឌីជីថល និងការផលិតគ្រឿងអេឡិចត្រូនិក និងមានតម្លៃវិនិយោគសរុប ១០ពាន់លានដុល្លារអាមេរិក ឬ ៤៣% នៃទុនវិនិយោគផ្ទាល់ពីបរទេសសរុប។
ប្រទេសចិន ជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនឹងតម្លៃវិនិយោគជាង ៥ពាន់លានដុល្លារអាមេរិក ដែលភាគច្រើន វិនិយោគនៅក្នុងការបង្កើតបន្ទះឈីប និងឧស្សាហកម្មរថយន្ត។
យ៉ាងណាមិញ វិស័យឌីជីថល បានជាប់ចំណាត់ថ្នាក់កំពូលជាលើកដំបូង ក្នុងឆ្នាំ ២០២៤ ជាមួយនឹងគម្រោងចំនួន ១៥០ ដែលមានតម្លៃសរុប ៧ពាន់លានដុល្លារអាមេរិក ក្នុងការវិនិយោគ ហើយគម្រោងសំខាន់ៗនៅក្នុងវិស័យនេះរួមមាន កម្មវិធីសម្រាប់បង្កើតមជ្ឈមណ្ឌលទិន្នន័យ ដោយអង្គភាពនៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងសេវាកម្ម Cloud ដូចជា Google មកពីសហរដ្ឋអាមេរិក និងក្រុមហ៊ុន NextDC របស់អូស្ត្រាលី។
សូមជម្រាបថា វិស័យអេឡិចត្រូនិក និងគ្រឿងអគ្គិសនី បានជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនឹងតម្លៃគម្រោងសរុបជាង ៦ពាន់លានដុល្លារអាមេរិក បន្ទាប់មកគឺវិស័យរថយន្ត វិស័យកសិកម្ម និងអាហារ និងវិស័យគីមីឥន្ធនៈ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ