ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥

វៀតណាម ដាក់គោលដៅនាំចេញបន្លែ ផ្លែឈើ ដល់ ៨ពាន់លានដុល្លារ នៅឆ្នាំ ២០២៥

១៦ មករា ២០២៥ | សេដ្ឋកិច្ច

 

ប្រទេសវៀតណាម បានដាក់គោលដៅនាំចេញផ្លែឈើ និងបន្លែ ដល់កម្រិតខ្ពស់បំផុតចំនួន ៨ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំនេះ ដែលជំរុញដោយកំណើនពីរខ្ទង់ជាប់ៗគ្នា ក្នុងរយៈពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។ សមាគមបន្លែ និងផ្លែឈើវៀតណាម បានឱ្យដឹងថា វិស័យបន្លែ និងផ្លែឈើរបស់វៀតណាម មានគោលបំណងបង្កើតប្រាក់ចំណូលនាំចេញចំនួន ៨ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដោយផ្នែកលើ ការពង្រីកទីផ្សារដ៏សំខាន់ និងកំណើនដ៏រឹងមាំ។

 


ដំណើរការដ៏រឹងមាំរបស់វិស័យនេះក្នុងឆ្នាំ ២០២៤ គឺសម្រេចបានប្រាក់ចំណូលនាំចេញចំនួនជាង ៧ពាន់លានដុល្លារ ខណៈផលិតផលវៀតណាម បានពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារសំខាន់ៗ ដូចជា នៅក្នុងប្រទេសចិន នៅសហរដ្ឋអាមេរិក និងនៅក្នុងប្រទេសថៃ។បច្ចុប្បន្ន ផលិតផលស្រស់ និងកែច្នៃរបស់ប្រទេសវៀតណាម មានវត្តមាននៅក្នុងទីផ្សារជាង ៦០ នៅទូទាំងពិភពលោក។

 


ប្រធានសមាគមបន្លែ និងផ្លែឈើវៀតណាម បានថ្លែងថា ទោះបីជាភាពតានតឹងពាណិជ្ជកម្ម និងជម្លោះភូមិសាស្ត្រនយោបាយ នឹងក្លាយជាបញ្ហាប្រឈមចម្បងសម្រាប់ការនាំចេញកសិផលនៅឆ្នាំ ២០២៥ ក៏ដោយ ប៉ុន្តែគោលដៅនាំចេញចំនួន ៨ពាន់លានដុល្លារ គឺអាចធ្វើទៅបាន ដោយពឹងផ្អែកលើ ការពង្រីកខ្លួននៅក្នុងទីផ្សារសំខាន់ៗ និងការវិនិយោគក្នុងបច្ចេកវិទ្យាប្រមូលផលសម័យទំនើប។

 


សូមជម្រាបថា សមាគម បានពន្លឿនការចរចា សម្រាប់បណ្តាញនាំចេញផ្លូវការ នៅក្នុងទីផ្សារប្រពៃណី និងស្វែងរកទីផ្សារថ្មីៗបន្ថែម ហើយបន្តគាំទ្រដល់កសិករ ដើម្បីបង្កើតកូដតំបន់ និងវិញ្ញាបនប័ត្រកន្លែងវេចខ្ចប់ រួមជាមួយនឹងការអភិវឌ្ឍស្តង់ដារជាតិសម្រាប់ការនាំចេញសំខាន់ៗ៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025