ថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២៥
មនុស្សយ៉ាងតិច៧១នាក់ស្លាប់ នៅប្រទេសអេត្យូពី នៅពេលរថយន្តដឹកទំនិញមួយគ្រឿងដែលដឹកមនុស្សទាំងអស់នោះ បានធ្លាក់ចូលទន្លេ។ យោងអ្នកនាំពាក្យរដ្ឋាភិបាល តំបន់Sidama។
ហេតុការណ៍គ្រោះថ្នាក់ បានកើតឡើងនៅក្នុងស្រុកBona។ យោងការិយាល័យទំនាក់ទំនងប្រចាំតំបន់ឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅល្ងាចថ្ងៃអាទិត្យ(២៩ធ្នូ)។
លោកWosenyeleh Simion អ្នកនាំពាក្យតំបន់ Sidama បានប្រាប់សារព័ត៌មានរ៉យទ័រនៅថ្ងៃច័ន្ទថា មនុស្សយ៉ាងតិច៧១នាក់ស្លាប់ ក្នុងនោះមានបុរស៦៨នាក់ និងស្រី៣នាក់។ អ្នកនាំពាក្យរូបនេះបន្តថា រថយន្តបើកខុសស្ពាន ហើយក៏ធ្លាក់ចូលក្នុងទន្លេ។ ផ្លួវធ្វើដំណើរក្នុងតំបន់ មានភាពកោងបត់បែនច្រើន។
អ្នកនាំពាក្យបន្តថា មានគ្រួសារមួយចំនួន បានបាត់បង់សមាជិកច្រើននាក់។ ប៉ូលីសចរាចរណ៍នៅក្នុងតំបន់បានរាយការណ៍ថា រថយន្តដឹកលើសចំណុះទំនងជាមូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យមានមនុស្សស្លាប់កើតឡើងជាញឹកញាប់នៅប្រទេសអេត្យូពី ដោយសារបទដ្ឋានបើកបរ នៅមានកម្រិតទាប ហើយរថយន្តជាច្រើនថែទាំមិនបានល្អ។
មនុស្សយ៉ាងតិច៣៨នាក់ ភាគច្រើនជាសិស្សសាលា ស្លាប់នៅឆ្នាំ២០១៨ នៅពេលរថយន្តក្រុងធ្លាក់ចូលជ្រោះជ្រៅនៅតំបន់ភ្នំប្រទេសអេត្យូពី។
ប្រែសម្រួល៖ណាវ័ន្ត