ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ក្រុមចម្រៀងនារីខេប៉ុប NewJeans បានប្រកាសបញ្ចប់កុងត្រាជាមួយក្រុមហ៊ុនរបស់ពួកគេគឺ ADOR បន្ទាប់ពីខាងក្រុមហ៊ុនមិនអាចដោះស្រាយបញ្ហាជាច្រើនទៅតាមសំណើរបស់ពួកគេបាន។
កាលពីល្ងាចថ្ងៃទី ២៨ ខែវិច្ឆិកា សមាជិកក្រុមចម្រៀង NewJeans បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយប្រកាសថា ពួកគេនឹងបញ្ចប់កិច្ចសន្យាផ្តាច់មុខជាមួយ ADOR ត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃទី ២៩ ខែវិច្ឆិកា។ ជាមួយគ្នានេះ ពួកគេក៏បានប្រកាសជំហរបន្តអាជីពជាសិល្បករ ហើយនឹងតស៊ូគ្រប់វិធីដើម្បីទាមទារសិទ្ធិប្រើប្រាស់ឈ្មោះក្រុម NewJeans ដដែល។
ក្នុងកម្មវិធីសន្និសីទកាសែតនៅទីក្រុងសេអ៊ូលដែលមានអ្នកសារព័ត៌មានចូលរួមជាង ១០០នាក់បើទោះជាមានការអញ្ជើញមុនត្រឹមតែ២ម៉ោង សមាជិកក្រុម NewJeans បានអានសេចក្តីថ្លែងការណ៍ក្រុម ដោយអះអាងថាកិច្ចសន្យាផ្តាច់មុខរបស់ពួកគេជាមួយទីភ្នាក់ងារនឹងបញ្ចប់ត្រឹមពាក់កណ្តាលអធ្រាត្រ ដោយសារតែ ADOR និង HYBE មិនបានបំពេញតាមតម្រូវការរបស់ពួកគេនោះទេ ដូច្នេះហើយក្រុមហ៊ុនទាំងពីរក៏បានបាត់បង់សិទ្ធិក្នុងនាមជាភ្នាក់ងារលើពួកគេដែលជាសិល្បករដែរ។ គួរបញ្ជាក់ថា HYBE គឺជាក្រុមហ៊ុនមេរបស់ ADOR ដោយកាន់កាប់ ៧៨ ភាគរយនៃភាគហ៊ុននៅ ADOR ។
នៅពេលសួរអំពីសំណងខូចខាតដែលត្រូវបង់ នៅក្នុងករណីបញ្ចប់កិច្ចសន្យាជាមួយភ្នាក់ងារ NewJeans អះអាងថាពួកគេមិនបានបំពានកិច្ចសន្យាអ្វីធ្ងន់ធ្ងរនោះទេ ប៉ុន្តែពួកគេបានព្យាយាមបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អបំផុត ដូច្នេះគួរតែជាភាគី ADOR និង HYBE ទៅវិញទេដែលត្រូវបង់សំណងខូចខាតឱ្យពួកគេ។
គួរបញ្ជាក់ថា ការប្រកាសបញ្ចប់កុងត្រារបស់ NewJeans នេះបានកើតឡើងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីអតីត CEO និងផលិតករដើមរបស់ពួកគេគឺ Min Hee Jin បានប្រកាសលាលែងពីគ្រប់តំណែងនៅ ADOR ដោយសារការខ្វែងគំនិតគ្នាជាច្រើនជាមួយថ្នាក់ដឹកនាំ HYBE និងក្រុមហ៊ុន Belift Lab ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយទៀតរបស់ HYBE ៕
ប្រែសម្រួល៖ វ៉ាន់ថន