ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤

ក្រុមហ៊ុនឯកជន នៅតែបន្ត ជ្រើសរើសបុគ្គលិក រៀងរាល់សប្តាហ៍

២៩ ​វិច្ឆិកា ២០២៤ | ព័ត៌មានជាតិ

ក្រុមហ៊ុនធំៗចំនួន៥ បានចូលរួមផ្តល់ឱកាសការងារ នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ តាមរយៈវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ NEA។ វេទិកាការងារ ដែលបានរៀបចំឡើង នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅពេលនេះ បានផ្តល់ឱកាសការងារជាង ៦០០កន្លែង ដល់យុវជន ដើម្បីដាក់ CV ហើយជួបសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនភ្លាមៗតែម្តង។ 

 


ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលហៅកាត់ថា NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំ វេទិកាការងារ និងកម្មសិក្សាការងារ រៀងរាល់សប្តាហ៍នៅថ្ងៃព្រហស្បតិ៍ ដោយនាំយកឱកាសការងារថ្មី ពីក្រុមហ៊ុនធំៗជាច្រើន សម្រាប់ផ្តល់ជូនយុវជន សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។

 

 

វេទិការការងារ និងកម្មសិក្សាការងារនេះ ធ្វើឡើងនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅក្នុងបរិវេណនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាក់ស្តែងនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក៏បានរៀបចំវេទិការការងារ ដែលបាននាំយកឱកាសការងារចំនួន ៦៥០កន្លែងពីក្រុមហ៊ុនឯកជនធំៗចំនួន ៥ ផងដែរ។ 

 

 

កញ្ញា លឹម យ៉ានី ជានិស្សិតឆ្នាំទី២ មួយរូបដែលបានចូលរួមវេទិការការងារនៅថ្ងៃទី ២៨ ខែវិច្ឆិកានេះ បានលើកឡើងថា ការមកដល់ទីតាំងនេះ គឺមានភាពងាយស្រួលក្នុងការដាក់ពាក្យទៅតាមការងារដែលខ្លួនស្រលាញ់ ខណៈការងារនៅទីនេះ គឺមានភាពសម្បូរបែប។ 
 


ជាមួយគ្នានេះ លោក ជុន សកល មន្ត្រីផ្នែកធនធានមនុស្សនៃធនាគារ BIC Bank  ក៏បានលើកឡើងដែរថា នេះជាលើកទី១ របស់ខ្លួនដែលបានចូលរួមស្វែងរកបុគ្គលិកតាមរយៈវេទិការការងាររបស់ NEA ហើយលោកសង្កេតឃើញថា ពិតជាមានភាពងាយស្រួល ខណៈបណ្តាក្រុមហ៊ុន និងយុវជន បានមកជួបគ្នាក្នុងទីតាំងតែមួយដែលមានឱកាសការងារដ៏សម្បូរបែប។ 

 


ទន្ទឹមនឹងគ្នានេះ លោក នី ភារៈ មន្ត្រីផ្នែកធនធានមនុស្សនៃក្រុមហ៊ុន អ៊ិនធើណេត ONLINE បានឱ្យដឹងដែរថា សម្រាប់ឆ្នាំ២០២៥ គឺមានតម្រូវការការងារច្រើន ទាំងគ្រប់ផ្នែកទាំងអស់នៅក្នុងក្រុមហ៊ុន ហើយតាមរយៈការចូលរួមជាមួយ NEA  ជាបន្តបន្ទាប់នេះ ក្រុមហ៊ុនក៏តែងតែផ្តល់ឱកាសការងារដល់យុវជនជ្រើនរួចមកហើយ។

 

 

សូមបញ្ជាក់ដែរថា វេទិការការងារនៅថ្ងៃទី ២៨ វិច្ឆិកានេះ មានការចូលរួមពីក្រុមហ៊ុនធំៗចំនួន ៥ ដែលនោះរួមមាន ក្រុមហ៊ុន អ៊ិនធើណេត ONLINE ធនាគារ BIC BANK សណ្ឋាគារ KVL មីក្រូហិរញ្ញវត្ថុ JACCS និងក្រុមហ៊ុន TRUMP FITNES។ ក្នុងវេទិការនេះ យុវជន សិស្ស/និស្សិត ដែលកំពុងមានតម្រូវការការងារ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង៥ល្ងាច៕
 

 

 


អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ ហ៊ុន សុជាតា 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024