ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤

រយៈពេល ១១ខែ ការនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាម ឈានដល់ ៦,៦ពាន់លានដុល្លារ

២៩ ​វិច្ឆិកា ២០២៤ | សេដ្ឋកិច្ច

 

ការនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាម បានកើនឡើង ២៧% ក្នុងរយៈពេល ១១ខែ ដល់ ៦ពាន់ ៦រយលានដុល្លារអាមេរិក ហើយរំពឹងកើនឡើងដល់ ៧ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។ ប្រធានសមាគមផ្លែឈើ និងបន្លែវៀតណាម បានបង្ហាញថា ការនាំចេញបន្លែ និងផ្លែឈើវៀតណាម សម្រេចការនាំចេញប្រមាណ ៦,៦ពាន់លានដុល្លារអាមេរិក ដោយតួលេខនេះ ត្រូវបានប៉ាន់ស្មានដោយផ្អែកលើ ទិន្នន័យគយ ដែលបង្ហាញពីការនាំចេញទៅកាន់ទីផ្សារធំៗ ដែលកំពុងកើនឡើង ក្នុងអត្រាពីរខ្ទង់។

 


ដោយឡែក បើតាមទិន្នន័យផ្លូវការ ក្នុងរយៈពេល ១០ខែដំបូង ការនាំចេញទៅកាន់ប្រទេសចិន បានកើនឡើង ៣០% ដល់ ៤ពាន់លានដុល្លារ ខណៈដែលការនាំចេញទៅកាន់សហរដ្ឋអាមេរិក កើនឡើង ៣៥% កូរ៉េខាងត្បូង ៤១% និងថៃ កើន ៧០%។ទុរេន គឺជាមុខទំនិញដែលលក់ដាច់ជាងគេ និងមានការនាំចេញជាង ៣ពាន់លានដុល្លារនៅក្នុងរយៈពេលនេះ ដោយប្រទេសចិន ជាអ្នកទិញច្រើនជាងគេ។

 


អគ្គលេខាធិការសមាគមបានមានប្រសាសន៍ថា ប្រទេសចិន មានតម្រូវការខ្ពស់សម្រាប់បន្លែ និងផ្លែឈើ ជាពិសេស ទុរេនរបស់វៀតណាម ប្រសិនបើការនាំចេញទៅប្រទេសចិន បន្តកើនឡើង ក្នុងអត្រាបច្ចុប្បន្ន វៀតណាម អាចនឹង វ៉ាជែង ប្រទេសថៃ ក្នុងនាមជាអ្នកផ្គត់ផ្គង់ទុរេនកំពូលរបស់ប្រទេសចិន ក្នុងឆ្នាំខាងមុខ ឬពីរឆ្នាំក្រោយ។

 


ដោយឡែក ផ្លែដូង ផ្លែបឺរ និងផលិតផលកសិកម្មមួយចំនួនទៀតកំពុងពេញនិយមនៅក្នុងសហរដ្ឋអាមេរិក ខណៈពេលដែលប្រទេសថៃបានបង្កើនការនាំចូលផ្លែឈើពីប្រទេសវៀតណាមនៅឆ្នាំនេះ ដោយសារផលិតកម្មរបស់ខ្លួនត្រូវបានរងផលប៉ះពាល់ដោយអាកាសធាតុមិនអំណោយផល។សូមជម្រាបថា ប្រទេសវៀតណាម បានដាក់គោលដៅនាំចេញផ្លែឈើ និងបន្លែ ដល់កម្រិតខ្ពស់បំផុតចំនួន ៧ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំនេះ ដែលជំរុញដោយកំណើនពីរខ្ទង់ជាប់ៗគ្នា ក្នុងរយៈពេលថ្មីៗនេះ៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024