ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ស្ងាត់ៗ តារាចម្រៀង និងតារាសម្តែងរូបស្រស់ នៅ ដាណា ក្លាយជាអ្នកតំណាង នៃសំឡេងតន្ត្រីនៅទីក្រុងកែប «ក្រោមចក្ខុវិស័យលើកស្ទួយខេត្តកែបឱ្យកាន់តែរស់រវើក និងទាក់ទាញភ្ញៀវទេសចរ» ដែលនឹងផ្តល់បទពិសោធន៍ការប្រគុំតន្ត្រីបុរាណខ្មែរជាមួយរចនាបថអន្តរជាតិប្លែកមិនធ្លាប់មានជូនទៅភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទស្សនានៅខេត្តកែប។
ថ្មីៗនេះ នៅ ដាណា ស្រាប់តែត្រូវបានប្រកាសជាអ្នកតំណាងនៃគម្រោង សំឡេងតន្ត្រីនៅទីក្រុងកែប ដែលស្ថិតនៅក្រោមគម្រោង «សូរសំឡេងនៃតន្ត្រីនៅទីក្រុងកែប» ឬហៅជាភាសាអង់គ្លេសថា «Kep Music City»។
មែនទែនទៅ គម្រោង «សូរសំឡេងនៃតន្ត្រីនៅទីក្រុងកែប» ឬហៅជាភាសាអង់គ្លេសថា «Kep Music City» ក្រោមសសរគម្រោងសិល្បៈកែប Art For Kep បានប្រកាសសម្ភោធដំណើរការរៀបចំ ក្នុងបំណងធ្វើឱ្យខេត្តកែបក្លាយទៅជាមជ្ឈមណ្ឌលសិល្បៈ និងតន្ត្រីក្នុងប្រទេសកម្ពុជា និងជាទីចំនុចរួមសម្រាប់សិល្បករដែលមានក្តីប្រាថ្នានិងបញ្ចេញសមត្ថភាព ហើយទស្សនិកជនក៏អាចទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។
នៅក្នុងសន្និសារព័ត៌មានកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ តារាសម្តែង និងតារាចម្រៀងរូបស្រស់ នៅ ដាណា បានបង្ហាញអារម្មណ៍រំភើប ក៏ដូចជាចក្ខុវិស័យក្នុងការលើកស្ទួយខេត្តកែបឱ្យកាន់តែរស់រវើក និងទាក់ទាញភ្ញៀវទេសចរ តាមរយៈសំឡេងតន្ត្រីរបស់នាង ដោយសង្ឃឹមថា ខេត្តកែបនឹងអាចក្លាយទៅជាមជ្ឈមណ្ឌលសិល្បៈ និងតន្ត្រីក្នុងប្រទេសកម្ពុជាយើងបាន។
លោក ជេហ្វមូន អ្នកបង្កើតគម្រោងសិល្បៈសម្រាប់ខេត្តកែប បានបញ្ជាក់ថា៖ «យើងប្តេជ្ញាបង្កើតបរិយាកាសដ៏រស់រវើកជាមួយក្រុមតន្ត្រី ហើយភ្ញៀវដែលចូលរួមក៏អាចទទួលទានម្ហូបអាហារ និងភេសជ្ជៈ គយគន់សម្រស់ធម្មជាតិបេតិកភណ្ឌវប្បធម៌នៃឆ្នេរសមុទ្រកែបដ៏ល្អឥតខ្ចោះ»។
ស្របពេលដែលលោក ម៉ាក ឆូលថុន (Marc Cholleton) នាយកសិល្បៈនៃ «សូរសំឡេងនៃតន្ត្រីនៅទីក្រុងកែប» បានមានប្រសាសន៍ថា «ពេញមួយរដូវកាលកើនឡើងនេះ យើងនឹងមានការប្រគុំតន្ត្រីបុរាណខ្មែរជាមួយនឹងរចនាបថអន្តរជាតិ ធានាថាអ្នកទស្សនាដែលមកខេត្តកែបទាំងអស់និងទទួលបាននូវបទពិសោធន៍អ្វីដែលពួកគាត់និយមចូលចិត្ត។ យើងសង្ឃឹមថាជោគជ័យរបស់យើងនឹងត្រួសត្រាយផ្លូវជាច្រើនឆ្នាំខាងមុខ»។
គំនិតផ្តួចផ្តើមនេះ នឹងនាំមកនូវការប្រគុំតន្ត្រីដ៏រស់រវើកជាមួយនឹងកម្មវិធីសិល្បៈ តន្រ្តី ឌីជេ រៀងរាល់ចុងសប្តាហ៍ នៅរាត្រីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ ដែលមានប្រារព្ធឡើងនៅទីតាំងមួយចំនួនដូចជា Kep West, Kep Natural, រង្សី បឹងហ្គាឡូ ជាដើម។
«សូរសំឡេងនៃតន្ត្រីនៅទីក្រុងកែប» នឹងក្លាយជាទិសដៅចុងសប្តាហ៍ថ្មីសម្រាប់អ្នកចូលចិត្តតន្ត្រី ហើយគម្រោងមួយនេះ នឹងធ្វើឱ្យទីក្រុងកែប ក្លាយជាបេះដូងនៃឆាកតន្ត្រីដ៏រស់រវើករបស់កម្ពុជា និងជាគោលដៅទេសចរណ៍យ៉ាងសំខាន់សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ភីអិនអិន និងផ្តល់ឱ្យ