ថ្ងៃសុក្រ ទី២២ ខែ​វិច្ឆិកា ឆ្នាំ២០២៤

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជំរុញឲ្យវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ធ្វើពាណិជ្ជកម្មលើស្នាដៃ ឬផលិតផលរបស់និស្សិត 

១៣ ​វិច្ឆិកា ២០២៤ | ព័ត៌មានជាតិ

 


រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ជួន ណារ៉ុន បានជំរុញឲ្យវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ធ្វើពាណិជ្ជកម្មលើស្នាដៃ ឬផលិតផល ដែលបង្កើតឡើងដោយនិស្សិត ដើម្បីជំរុញលើកកម្ពស់ផលិតផលក្នុងស្រុក។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កន្លងមក ស្នាដៃ ឬផលិតផល ដែលរកឃើញ និងបង្កើតឡើង ដោយនិស្សិត គឺបានត្រឹមតែដាក់បង្ហាញ និងប្រើប្រាស់លក្ខណៈផ្ទៃក្នុងតែប៉ុណ្ណោះ។ 

 


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឲ្យវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ធ្វើពាណិជ្ជកម្មលើស្នាដៃ ឬផលិតផលដែលរកឃើញ និងបង្កើតឡើងដោយនិស្សិត ដើម្បីជំរុញលើកកម្ពស់ផលិតផលក្នុងស្រុក ។ ការជំរុញនេះបានធ្វើឡើងនៅ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ 

 

 

 

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឲ្យវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ បន្តពង្រឹងអភិបាលកិច្ចគ្រឹះស្ថានអភិវឌ្ឍន៍ប្រព័ន្ធអប់រំឲ្យរឹងមាំ និងភាពបុរេសកម្មទំនើបឆ្លើយតបទៅនឹងស្ថានភាពជាតិនិងអន្តរជាតិ, បន្តពិនិត្យកែសម្រួល និងធ្វើទំនើបកម្ម កម្មវិធីសិក្សាផ្តោតទៅលើសមត្ថភាពនិងជំនាញជាចម្បង ឲ្យស្របតាមតម្រូវការទីផ្សារ ,បន្តដាក់ឲ្យអនុវត្តកម្មវិធីសិក្សាដោយប្រើប្រាស់វិធិសាស្ត្របង្រៀន និងវិធីសាស្ត្រវាយតម្លៃថ្មីៗដែលធ្វើសមាហរណកម្មជាបច្ចេកវិទ្យា ដើម្បីបង្កើនប្រសិទ្ធភាពនៃការបណ្តុះបណ្តាល និងកាត់បន្ថយបន្ទុកការងារដែលមិនចាំបាច់ ជាដើម។

 


ជាមួយគ្នានេះ បើតាមឯកឧត្តមបណ្ឌិត ហុង គឹមជាង អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈគ្រប់គ្រងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ក៏បានបញ្ជាក់ដែរថា  វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញទាក់ទងនឹងបច្ចេកវិទ្យាកសិកម្ម បច្ចេកវិទ្យាឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ 

 


គិតចាប់ពីឆ្នាំ២០១៩ ដល់ចុងឆ្នាំ២០២៣ និស្សិតដែលបានបញ្ចប់ការសិក្សាជាស្ថាពរ ថ្នាក់បិរញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង មានសរុបចំនួនជាង៤០០នាក់ ។ យោងតាមលទ្ធផលស្ទង់មតិរបស់វិទ្យាស្ថាន ក្នុងចំណោមនិស្សិតជ័យលាភីត្រូវទទួលសញ្ញាបត្រនាថ្ងៃនេះ និស្សិតប្រមាណ៥០.៥៦ % មានការងារធ្វើ ៤.៥០%ប្រកបអាជីវកម្មផ្ទាល់ខ្លួន និង៤៤.៩៤% បន្តការសិក្សា។

 


គួរបញ្ជាក់ថា វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈដែលឈានមុខគេនៅតាមបណ្តាខេត្ត លើការច្នៃប្រតិដ្ឋ និងនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា និងកសិកម្ម ដើម្បីចូលរួមក្នុងការអភិវឌ្ឍសហគមន៍និងប្រទេសជាតិប្រកបដោយនិរន្តរភាព។

 


វិទ្យាស្ថាន មានបង្រៀន ជំនាញវិទ្យាសាស្ត្រដំណាំ ជំនាញវិទ្យាសាស្រ្តសត្វ ,ជំនាញវិទ្យាសាស្ត្រជលផល,ជំនាញកុំព្យូទ័រធុរកិច្ច ,ជំនាញបច្ចេកវិទ្យាកុំព្យូទ័រ, ជំនាញដំឡើងប្រព័ន្ធអគ្គិសនី, ជំនាញបច្ចេកវិទ្យាមេកានិច, ជំនាញបច្ចេកវិទ្យាអាហារ និង ផ្នែកអប់រំបច្ចេកទេសវិជ្ជាជីវៈកម្រិត៣ "បសុវប្បកម្ម"។
 

 

 

 

អត្ថបទ៖ សន រដ្ឋា ,រូបភាព៖ ញិល សុជា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024