ថ្ងៃសុក្រ ទី២២ ខែ​វិច្ឆិកា ឆ្នាំ២០២៤

សម្ដេចនាយករដ្ឋមន្ដ្រី ដាក់បទបញ្ជាឲ្យអាជ្ញាធរខេត្តកែប ពង្រឹងសន្តិសុខ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

១២ ​វិច្ឆិកា ២០២៤ | ព័ត៌មានជាតិ

 


ប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញបទបញ្ជាឲ្យអាជ្ញាធរខេត្តកែប ពង្រឹងសន្តិសុខ ទប់ស្កាត់សកម្មភាពក្រុមសង្គមងងឹត ឆបោកតាមប្រព័ន្ធអនឡាញ ក្នុងមូលដ្ឋានខ្លួន។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាសជាថ្មីថា នឹងមិនអនុញ្ញាត និងមិនផ្តល់អាជ្ញាបណ្ណ ឲ្យបើកអាជីវកម្មកាស៊ីណូជាដាច់ខាត នៅក្នុងខេត្តកែប។ ប៉ុន្តែសម្តេចស្វាគមន៍ បើមានបំណងស្នើសុំបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេស និងអេកូទេសចរណ៍ ជាដើម នៅក្នុងខេត្តជាប់មាត់សមុទ្រនេះ។

 


សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញបទបញ្ជាឲ្យអាជ្ញាធរខេត្តកែប ពង្រឹងសន្តិសុខ ទប់ស្កាត់សកម្មភាពក្រុមសង្គមងងឹតឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីធានាដល់សន្ដិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ការដាក់ចេញបទបញ្ជានេះ បានធ្វឡើងនៅក្នុងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងជាង១២គីឡូម៉ែត្រ ស្ថិតឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បាននៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា។

 


ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងមិនអនុញ្ញាតផ្តល់អាជ្ញាបណ្ណឲ្យបើកអាជីវកម្មកាស៉ីណូជាដាច់ខាត នៅក្នុងខេត្តកែប ប៉ុន្តែសម្តេចស្វាគមន៍ និងអនុញ្ញាត ប្រសិនបើមានបំណងស្នើសុំបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេស និងអេកូទេសចរណ៍ជាដើមនោះ។

 


សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានកោតសរសើរអាជ្ញាធរខេត្តកែប ដែលកន្លងមកបានខិតខំពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងបានផ្ដល់កិច្ចសហការជាមួយស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ទប់ស្កាត់បានទាន់ពេលវេលា ចំពោះក្រុមឧក្រិដ្ឋជនក្នុងពេលកន្លងមក។

 


គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវ “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ ២០២៣-២០៣៥” សំដៅអភិវឌ្ឍខេត្តកែបឱ្យក្លាយជាគោលដៅទេសចរណ៍សំខាន់មួយសម្រាប់ ជាប្រយោជន៍ដល់ខេត្តកែបទាំងមូល ប្រជាជនក្នុងមូលដ្ឋាន និងសម្រាប់លើកមុខលើកមាត់ វិស័យទេសចរណ៍នៃកម្ពុជា។ 

 


ដើម្បីសម្រេចកិច្ចការនេះ រាជរដ្ឋាភិបាល ក៏កំណត់ចក្ខុវិស័យប្រែក្លាយខេត្តកែប ជា “គោលដៅទេសចរណ៍ធម្មជាតិនិងសមុទ្រសម្រាកកម្សាន្ត បែបប្រណិតកម្រិតខ្ពស់” ប្រកបដោយសុវត្ថិភាព ភាពទាក់ទាញ និងឧត្តមភាពប្រកួតប្រជែងខ្ពស់ លើឆាកអន្តរជាតិ ដោយឈរលើទស្សនទាននៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាពនៃការគ្រប់គ្រងសង្គម បរិស្ថាន និងធនធានធម្មជាតិបែបវៃឆ្លាត៕

 

 

អត្ថបទ៖ សន រដ្ឋា ,រូបភាព៖ ញិល សុជា

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024