ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
តម្លៃប្រេងឆៅសកល បានធ្លាក់ចុះបន្តិច នៅក្នុងសប្តាហ៍ទី ១ ដើមខែវិច្ឆិកានេះ បន្ទាប់ពីគណបក្សសាធារណរដ្ឋរបស់លោកដូណាល់ ត្រាំ ឈ្នះឆ្នោតជាប្រធានាធិបតីអាមេរិក ដោយជំរុញឲ្យប្រាក់ដុល្លារឡើងថ្លៃ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។
នៅលើទីផ្សារប្រេងសកល ក្នុងសប្តាហ៍ទី ១ ខែតុលានេះ តម្លៃប្រេងឆៅ Brent របស់អង់គ្លេស ស្ថិតនៅរង្វង់ ៧៤ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈប្រេងឆៅ West Texas Intermediate របស់អាមេរិក ស្ថិតនៅចន្លោះ ៧១ដុល្លារអាមេរិកក្នុងមួយបារ៉ែល ដែលតម្លៃប្រេងទាំង ២ប្រភេទនេះ មានការធ្លាក់ចុះប្រមាណ ១,៣% បន្ទាប់ពីលោកដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតនៅអាមេរិក។
អ្នកវិភាគហិរញ្ញវត្ថុឯករាជ្យមកពី CMC Markets បានលើកឡើងថា ប្រាក់ដុល្លារកើនឡើងថ្លៃ នឹងដាក់សម្ពាធលើតម្លៃទំនិញ ហើយក្រោយការដឹកនាំរបស់លោកដូណាល់ ត្រាំ គឺអាចនឹងមានគោលនយោបាយ ដែលដាក់សម្ពាធបន្ថែមទៀតដល់សេដ្ឋកិច្ចចិន ដោយធ្វើឱ្យតម្រូវការប្រេងធ្លាក់ចុះបន្ថែមទៀត។លើសពីនេះ ប្រាក់ដុល្លារអាមេរិក កាន់តែរឹងមាំ គឺធ្វើឱ្យ ប្រេងមានតម្លៃថ្លៃជាងមុន សម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងទៀត។
អ្នកវិភាគរបស់ UBS បានលើកឡើងថា ទោះជាយ៉ាងណាក៏ដោយ លោក Trump អាចបន្តដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ និងវេណេស៊ុយអេឡា ដោយដាក់សម្ពាធលើការនាំចេញ ខណៈ អ៊ីរ៉ង់ កំពុងតែនាំចេញប្រហែល ១លាន ៣សែនបារ៉ែលក្នុងមួយថ្ងៃ។អ្នកវិភាគមកពីធនាគារក្នុង ចក្រភពអង់គ្លេស លោក Ashley Kelty បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នៃការទទួលជ័យជម្នះរបស់ដូណាល់ ត្រាំ នឹងមានការចាប់អារម្មណ៍តិចតួចលើ ថាមពលកកើតឡើងវិញ ហើយនឹង មានការលើកទឹកចិត្តយ៉ាងសកម្មដល់ កំណើនផលិតកម្មប្រេងរបស់សហរដ្ឋអាមេរិក។
ដូច្នេះហើយលោក Kelty យល់ឃើញថា រឿងនេះ មិនមែនជាការល្អសម្រាប់អង្គការប្រទេសផលិតប្រេង OPEC+ នោះទេ ដោយពួកគេនឹងត្រូវសម្រេចចិត្តថាតើ ពួកគេចង់ការពារចំណែកទីផ្សារ ឬព្យាយាមរក្សាកម្រិតតម្លៃប្រេងឱ្យមានស្ថេរភាព។សូមជម្រាបថា វិទ្យាស្ថានប្រេងអាមេរិក បានបង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក បានកើនឡើងចំនួន ៣លាន ១សែនបារ៉ែល ក្នុងសប្តាហ៍ចុងក្រោយនៃខែតុលា ខ្ពស់ជាងតួលេខ ១លាន ១សែនបារ៉ែល ដែលបានព្យាករណ៍នៅក្នុងការស្ទង់មតិរបស់ Reuters៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ