ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
នៅក្នុងខែតុលា ឆ្នាំ ២០២៤នេះ ការវិនិយោគមកពី ប្រទេសចិន មកកាន់ប្រទេសកម្ពុជា ស្ថិតនៅលំដាប់លេខរៀងទី ១ ដោយកាន់កាប់ចំណែក ៥៣% នៃទុនវិនិយោគសរុប ២២៦លានដុល្លារអាម៉េរិក។ នេះបើយោងតាមរបាយការណ៍ចុងក្រោយ ចេញផ្សាយដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងខែតុលា កន្លងទៅ ការវិនិយោគក្នុងស្រុក គ្របដណ្តប់ ២៩% នៃទុនវិនិយោគសរុប ខណៈការវិនិយោគដោយសិង្ហបុរី មានចំណែក ១២%។
ជាក់ស្តែង ក្នុងខែតុលា ឆ្នាំ ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ៣០គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២២៦លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ១៦ពាន់កន្លែង។អំឡុងពេលនេះ វិស័យឧស្សាហកម្ម ទទួលបានការវិនិយោគជាង ២១១លានដុល្លារអាម៉េរិក ខណៈ វិស័យហេដ្ឋារចនាសម័្ពន្ធ និងផ្សេងៗ ទទួលបានទុនវិនិយោគ ១៥លានដុល្លារអាម៉េរិក។
គម្រោងវិនិយោគភាគច្រើន មានទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ និងស្វាយរៀង ហើយគម្រោងវិនិយោគមួយចំនួនទៀត បានប្រមូលផ្តុំនៅ ខេត្តរាជធានីភ្នំពេញ និងខេត្តព្រះសីហនុជាដើម។
ដោយឡែកក្នុងរយៈពេល ៩ខែ ដើមឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទាក់ទាញគម្រោងវិនិយោគសរុបប្រមាណ ៣៤២គម្រោង គិតជាទឹកប្រាក់ជាង ៥ពាន់ ៤រយលានដុល្លារអាមេរិក បានផ្តល់ការងារប្រមាណ ២៥ម៉ឺនកន្លែង។
កាលពីឆ្នាំ ២០២៣កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោងវិនិយោគចម្រុះចំនួន ២៦៨ រួមមាន គម្រោងថ្មីមាន ២៤៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២១គម្រោង។
សរុបមក រំហូរទុនវិនិយោគឯកជននៅឆ្នាំ ២០២៣ មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរង្វង់ប្រមាណ ២២% ធៀបនឹងឆ្នាំ ២០២២ ហើយរំហូរទុនវិនិយោគក្នុងឆ្នាំ ២០២៣ ភាគច្រើនមានប្រភពមកពី ចិន និងក្នុងស្រុក ដោយបានរួមចំណែកជិត ៩០% នៃទុនវិនិយោគសរុប៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ