ថ្ងៃសុក្រ ទី២២ ខែ​វិច្ឆិកា ឆ្នាំ២០២៤

អ្នកជំនាញខ្មែរ និងបរទេស ចែករំលែកបច្ចេកទេសដាំទុរេនខុសរដូវដល់កសិករ

០៥ ​វិច្ឆិកា ២០២៤ | ព័ត៌មានជាតិ

 


អ្នកជំនាញក្នុងស្រុក និងមកពីក្រៅប្រទេស បានមកចែករំលែកបច្ចេកទេស ក្នុងផលិតកម្មទុរេនខុសរដូវនៅប្រទេសកម្ពុជា។ ការចែករំលែកនេះ បានធ្វើឡើង នៅក្នុងសិក្ខាសាលា ស្ដីពី ផលិតកម្មទុរេនខុសរដូវនេះ រៀបចំឡើងដោយអ្នកជំនាញខ្មែរ និងវៀតណាម។សិក្ខាសាលាចែលរំលែកបច្ចេកទេស ពីផលិតកម្មទុរេនខុសរដូវ នៅប្រទេសកម្ពុជា បានធ្វើឡើង កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា  នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ដោយមានការចូលរួម កសិករជាម្ចាស់ចម្ការ អ្នកជំនាញខ្មែរ និងបរទេស ប្រមាណ១០០នាក់ ។

 


 វាគ្មិនសំខាន់ៗ ដែលចូលរួមចែករំលែកបច្ចេកទេសនិងបទពិសោធន៍លើផលិតកម្មទុរេន រួមមាន លោកស្រី ទ្រឿង លៀង អ្នកជំនាញស្រាវជ្រាវ និងជាអ្នកបច្ចេកទេសទុរេនខុសរដូវ មកពីវិទ្យាស្ថានស្រាវជ្រាវដំណាំឈើហូបផ្លែភាគខាងត្បូងវៀតណាម ,លោក ង្វៀង ឡុង ប្រធានបច្ចេកទេសមកពីក្រុមហ៊ុន អូលមិច វៀតណាម, និងលោក ហ៊ល ឡុង ប្រធានបច្ចេកទេសក្រុមហ៊ុនសេះបង្កង់។

 


លោក កង សាវ៉ាង នាយកប្រតិបត្តិក្រុមហ៊ុនអាហ្គ្រោហ្វាម៉ាស៊ី (សេះបង្កង់) បានបញ្ជាក់ថា ដំណាំទុរេនជាដំណាំដ៏មានសក្ដានុពលនៅកម្ពុជា រីឯទីផ្សារក៏មានទំហំធំ ប៉ុន្តែការផលិតនៅកម្ពុជា នៅមិនទាន់គ្រប់តម្រូវការនៅឡើយ។ សិក្ខាសាលានេះ គឺជាការផ្ដល់ឱកាសដល់កសិករ ម្ចាស់ចម្ការ និងអ្នកពាក់ព័ន្ធ ក្នុងវិស័យផលិតកម្មទុរេននៅកម្ពុជា បានស្ដាប់បទបង្ហាញបច្ចេកទេស និងសួរសំណួរទៅកាន់អ្នកជំនាញដោយផ្ទាល់។

 


លោក កង សាវ៉ាង បានបន្តថា នៅប្រទេសវៀតណាមជិតខាងកម្ពុជា ផលិតកម្មទុរេន គឺធ្វើបានពេញមួយឆ្នាំ ដូច្នេះហើយទើបក្រុមហ៊ុនសេះបង្កង់នៅកម្ពុជា បានចាប់ដៃគូជាមួយក្រុមហ៊ុនវៀតណាម ដើម្បីធ្វើឱ្យបច្ចេកទេសធ្វើទុរេនខុសរដូវក្លាយជាការពិត ដើម្បីជាប្រយោជន៍ដល់កសិករខ្មែរ។ លោកសង្ឃឹមថា កសិករនិងម្ចាស់ចម្ការនៅកម្ពុជានឹងពង្រីកការដាំដុះទុរេន និងបង្កើនផលិតកម្មតាមរយៈបច្ចេកទេសទុរេនខុសរដូវនេះ ដើម្បីបំពេញតម្រូវការក្នុងស្រុក និងអាចនាំចេញទៅក្រៅប្រទេសផង។

 


ជាមួយគ្នានេះ លោក ឡៃ វណ្ណារ៉ា ដែលម្ចាស់ចម្ការទុរេននៅស្រុកសំឡូត និងជាកសិករខ្មែរមួយរូបដែលចាប់ផ្តើមបើកទំព័រថ្មីលើវិស័យផលិតកម្មទុរេនខុសរដូវ ក៏គូសបញ្ជាក់ដែរថា ការសម្រេចជ្រើសរើសយក បច្ចេកទេសធ្វើទុរេនខុសរដូវនេះ ដោយសារលោកមើលឃើញថា បច្ចេកទេសនេះ គឺអាចទទួលបានទិន្នផលគ្រប់រដូវ ហើយអាចបំពេញតម្រូវការក្នុងស្រុក មិនចាំបាច់នាំចូលពីប្រទេសជិតខាង។

 


គួរបញ្ជាក់ថា សិក្ខាសាលាស្ដីពីផលិតកម្មទុរេនខុសរដូវនេះ រៀបចំឡើងដោយក្រុមហ៊ុន អាហ្គ្រោហ្វាម៉ាស៊ី ឬហៅ សេះបង្កង់ និងក្រុមហ៊ុនអូលមិច វៀតណាម ដែលជាផ្នែកមួយនៃក្រុមហ៊ុន អូលមិច គ្រុប ដែលមានមូលដ្ឋានធំនៅប្រទេសបារាំង។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ពុជានាំចេញផ្លែទុរេនបានចំនួនប្រមាណ ៧ពាន់តោន មានការកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

 


 

 

 

 

អត្ថបទ៖ សន រដ្ឋា ,រូបភាព៖ញិល សុជា

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024