ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥

លទ្ធផលប្រឡងបាក់ឌុប ឆ្នាំនេះ មានបេក្ខជនប្រឡងជាប់ ជាង ១០ម៉ឺននាក់ ត្រូវជា ៧៩% ក្នុងនោះ បេក្ខជនជាប់និទ្ទេស A មានជាង ២០០០នាក់

៣១ តុលា ២០២៤ | ព័ត៌មានជាតិ

 

 


ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុប សម័យប្រឡង ថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ បង្ហាញថា មានបេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១នាក់ ត្រូវជា ៧៩ភាគរយនៃចំនួនបេក្ខជន មកប្រឡង។ ក្នុងនោះ បេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦នាក់ និទ្ទេស B ចំនួន ៩ ៧០១នាក់ និទ្ទេស C ចំនួន ២២ ៦៧៥នាក់ និទ្ទេស D ចំនួន ៣៦ ៦៨៣នាក់ និងនិទ្ទេស E ចំនួន ៣៥ ០៧៦នាក់។

 


ក្រសួងអប់រំ យុវជន និងកីឡា ក៏បានប្រកាសថា ការប្រកាសលទ្ធផលប្រឡងបាក់ឌុបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នេះ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ប្រកាសលទ្ធផលសម្រាប់ខេត្តដទៃទៀត។

 


សូមរម្លឹកថា ការប្រឡងបាក់ឌុប នៅឆ្នាំ២០២៤ នេះ បានធ្វើឡើង រយៈពេល ២ថ្ងៃ កាលពីថ្ងៃទី៨-៩ ខែតុលា ដោយមានបេក្ខជនចុះឈ្មោះប្រឡងសរុប ចំនួន ១៣៧ ០៤០នាក់ ដោយមានបេក្ខជន ជាស្ត្រី ៧៤ ៨៨២នាក់។ ក្នុងនោះ មានបេក្ខជនអវត្តមាន ២,៤០៦នាក់ ដោយមានស្ត្រី ៩១៥នាក់ ត្រូវជា ១,៧៦ភាគរយ នៃចំនួនបេក្ខជនសរុប។  

 

'
លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាក់ឌុប ឆ្នាំ២០២៣ សម័យប្រឡង ថ្ងៃទី៦-៧ វិច្ឆិកា ឆ្នាំ២០២៣ មានបេក្ខជនសរុបជាង ១៣ម៉ឺន ៧ពាន់នាក់ ( ១៣៧ ៤១២នាក់ ) ដោយមានបេក្ខនារីជាង ៧ម៉ឺន ៣ពាន់នាក់ ( ៧៣ ២៧៨នាក់ )។ ចំណែកលទ្ធផលប្រឡងបាក់ឌុប ឆ្នាំមុន ដែលបានប្រកាស នៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺមានបេក្ខជនជាង ៩ម៉ឺន ៨ពាន់នាក់ ( ៩៨ ៤៦០នាក់ ) ស្មើជិត ៧៣% បានប្រឡងជាប់។ ក្នុងនោះ សិស្ស ដែលទទួលបាននិទ្ទេស A មានចំនួន ១៦៧៣នាក់៕
 

 


អត្ថបទ និងរូបភាព៖ ក្រុមព័ត៌មាន PNN

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025